ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសជប៉ុន ចំពោះការបំភាន់ នូវអ្វីដែលហៅថា ការគំរាមកំហែងរបស់ចិន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានឲ្យដឹងថា ប្រទេសជប៉ុនមិនត្រូវបំភ្លៃអ្វីដែលគេហៅថា “ការគំរាមកំហែងរបស់ចិន” ហើយធ្វើឱ្យប៉ះពាល់ដល់ការ ជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសនៅក្នុងតំបន់។

លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងការកត់សម្គាល់ របស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដែលបង្ហាញថា ស្ថានភាពនៅអ៊ុយក្រែន អាចចម្លងនៅអាស៊ីបូព៌ា។

លោក Zhao បានចោទប្រកាន់ជប៉ុន ពីការបំផ្លើសភាពតានតឹងក្នុងតំបន់ ដោយនិយាយបំផ្លើសអ្វីដែលគេហៅថា “ការគំរាមកំហែងរបស់ចិន” ជាលេសដើម្បីបង្កើន កម្លាំងយោធារបស់ខ្លួន ដែលមិនអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោក Zhao បានលើកឡើងថា សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនទាំងស្រុង ហើយមិនអាចប្រៀបធៀបជាមួយ នឹងស្ថានភាពនៅអ៊ុយក្រែនបានទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដថា ដោយសារប្រទេសជប៉ុន មានទំនួលខុសត្រូវជាប្រវត្តិសាស្ត្រ យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនចិន អ្នកនយោបាយជប៉ុនគួរតែនិយាយ និងធ្វើសកម្មភាពប្រកបដោយការ ប្រុងប្រយ័ត្នបន្ថែមលើសំណួរតៃវ៉ាន់។

លោកបានបន្ថែមថា ប្រទេសជប៉ុន គួរតែបញ្ឈប់ជាបន្ទាន់នូវ ការបង្កការប្រឈមមុខ ដាក់គ្នារវាងមហាអំណាច និងធ្វើអ្វីៗជាច្រើនទៀតដែល អំណោយផលដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីបូព៌ា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top