ព័ត៌មានអន្តរជាតិ

Update៖ WHO កំពុងប្រមូលភស្តុតាង ដើម្បីធ្វើការស៊ើប អង្កេតលើឧក្រិដ្ឋសង្គ្រាម ប្រឆំាងនឹងរុស្ស៊ី

គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ថា អង្គការសុខភាព ពិភពលោក ហៅកាត់ថា (WHO) កំពុងប្រមូលភស្តុតាង សម្រាប់ធ្វើការស៊ើបអង្កេត លើឧក្រិដ្ឋកម្មសង្រ្គាម ដែលអាចកើតមាន ចំពោះការវាយប្រហារ ដែលអង្គការនេះអះអាងថា ខ្លួនបានចងក្រងឯកសារពីរុស្ស៊ី ស្តីពីកន្លែងថែទាំសុខភាព នៅក្នុងប្រទេសអ៊ុយក្រែន ។

លោក Mike Ryan នាយកផ្នែកសង្គ្រោះបន្ទាន់ របស់អង្គការ WHO ក្នុងដំណើរទស្សនកិច្ច ដែលមិនមានការ ប្រកាសរួមគ្នា ជាមួយប្រធានអង្គការ សុខភាពពិភពលោក Tedros Adhanom Ghebreyesus បានប្រាប់ដល់សន្និសីទ សារព័ត៌មានថា វាជាទំនួលខុសត្រូវ ជាក់ស្តែងរបស់ភាគីសង្រ្គាម ដើម្បីជៀសវាងការវាយប្រហារ លើមូលដ្ឋានសុខាភិបាល ប៉ុន្តែអង្គការសុខភាពពិភពលោក បានកត់ត្រាការវាយ ប្រហារចំនួន២០០ លើកមកលើមន្ទីរពេទ្យ និងគ្លីនិកនៅក្នុងប្រទេស ។

លោក Ryan បានលើកឡើងថា “ការវាយប្រហារដោយចេតនា លើកន្លែងថែទាំសុខភាព គឺជាការរំលោភលើច្បាប់ មនុស្សធម៌អន្តរជាតិ ហើយដូច្នេះ ផ្អែកលើការស៊ើបអង្កេត និងការបញ្ជាក់អំពីការវាយប្រហារ តំណាងឱ្យឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងស្ថានភាពណាមួយ” ។

លោកបានសង្កត់ធ្ងន់ថា “យើងបន្តចងក្រងឯកសារ និងធ្វើជាសាក្សី ចំពោះការវាយប្រហារទាំងនេះ… ហើយយើងជឿជាក់ថា ប្រព័ន្ធអង្គការសហប្រជាជាតិ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងអ្នកដទៃទៀតនឹងធ្វើការស៊ើបអង្កេតចាំបាច់ ដើម្បីវាយតម្លៃពីចេតនាឧក្រិដ្ឋកម្ម នៅពីក្រោយការវាយប្រហារទាំងនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top