ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មពាណិជ្ជកម្ម ១,៧ពាន់លានផោន លើរុស្ស៊ី និងបេឡារុស្ស

ឡុងដ៌៖ រដ្ឋាភិបាល ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មថ្មីលើ រុស្ស៊ី និង បេឡារុស កំណត់គោលដៅពាណិជ្ជកម្ម “១.៧ ពាន់លានផោន (២.១ ពាន់លានដុល្លារ)” ដែលមានបំណងរារាំងសង្គ្រាម របស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន នៅអ៊ុយក្រែន។

ទណ្ឌកម្មនេះនឹងប៉ះពាល់ដល់ពន្ធនាំចូល និងការហាមប្រាមការនាំចេញ របស់ប្រទេសទាំងពីរ ហើយត្រូវបានគូរឡើង ដោយលេខាធិការពាណិជ្ជកម្មអន្តរជាតិ Anne-Marie Trevelyan និងអធិការបតី Rishi Sunak។

នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ (DIT) បានឲ្យដឹងថា ពន្ធនាំចូលលើទំនិញចំនួន ១,៤ពាន់លានផោន (១,៧ពាន់លានដុល្លារ) រួមទាំងផ្លាទីន និងប៉ាឡាដ្យូម នឹងរារាំងដល់ “សមត្ថភាពរបស់លោកពូទីន ក្នុងការផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមរបស់លោក” ។

នាយកដ្ឋាននេះបានបន្ថែមថា ការផ្លាស់ប្តូរនេះនឹងនាំមក នូវតម្លៃសរុបនៃផលិតផល ដែលទទួលរងនូវទណ្ឌកម្មនាំចូល និងការនាំចេញពេញលេញ ឬដោយផ្នែក ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី មកអ៊ុយក្រែនដល់ទៅជាង ៤ពាន់លានផោន (៤,៩ ពាន់លានដុល្លារ)។

DIT បានឲ្យដឹងថា ការហាមឃាត់ការនាំចេញ ដែលបានគ្រោងទុក “មានបំណងចង់វាយលុកទំនិញ ដែលមានតម្លៃជាង ២៥០ លានផោន (៣០៨ លានដុល្លារ) នៅក្នុងវិស័យនៃសេដ្ឋកិច្ចរុស្ស៊ី ដែលពឹងផ្អែកភាគច្រើនលើ ទំនិញរបស់ចក្រភពអង់គ្លេស ដោយផ្តោតលើវត្ថុធាតុដើមសំខាន់ៗដូចជា សារធាតុគីមី ប្លាស្ទិក កៅស៊ូ និងគ្រឿងម៉ាស៊ីន” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top