ព័ត៌មានអន្តរជាតិ

G-7 ប្តេជ្ញាចំពោះការហាមប្រាម ការនាំចូលប្រេងពីរុស្សី ឬការបញ្ឈប់នៅពេលមាន សង្រ្គាមអ៊ុយក្រែន

តូក្យូ៖ មេដឹកនាំនៃក្រុមប្រទេស ឧស្សាហកម្មទាំង៧ ឬហៅថា G-7 បានប្តេជ្ញាថានឹងហាមឃាត់ ឬបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី នៅក្នុងជំហានចុងក្រោយ ដើម្បីដាក់សម្ពាធទីក្រុងម៉ូស្គូ ឱ្យបញ្ចប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។

ប្រទេសជប៉ុន ដែលជាប្រទេសក្រីក្រធនធាន ដែលបាន និងកំពុងនាំចូលប្រេងឆៅពីរុស្ស៊ី ដើម្បីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ខ្លួន បានស្ទាក់ស្ទើរក្នុងការហាមឃាត់ ការនាំចូលប្រេងពីរុស្ស៊ី។ ប៉ុន្តែនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានប្រាប់កិច្ចប្រជុំនិម្មិតនៃមេដឹកនាំ G-7 ថាប្រទេសរបស់លោកនឹងចាត់វិធានការ ដើម្បីហាមឃាត់ការនាំចូលបែបនេះ “ជាគោលការណ៍” ។

សេតវិមានបានឲ្យដឹងថា ការប្តេជ្ញាចិត្តរបស់ G-7 ទាំងមូលនឹង “ប៉ះពាល់យ៉ាងខ្លាំងដល់សរសៃឈាមសំខាន់” នៃសេដ្ឋកិច្ចរុស្ស៊ី ហើយបដិសេធប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នូវប្រាក់ចំណូលដែលលោកត្រូវការ ដើម្បីផ្តល់មូលនិធិដល់សង្រ្គាម។

សហរដ្ឋអាមេរិក ដែលបាននិងកំពុងប្រឹងប្រែង ដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការឈ្លានពានពី ប្រទេសជិតខាងរបស់ខ្លួន បានហាមឃាត់ការនាំចូលប្រេងរុស្ស៊ី ឧស្ម័នធម្មជាតិរាវ និងធ្យូងថ្មរួចហើយកាលពីខែមីនា។

ប្រទេសរុស្ស៊ីមានចំនួន ៣,៦ភាគរយ នៃការនាំចូលប្រេងឆៅ របស់ជប៉ុនក្នុងឆ្នាំ២០២១ ដោយមានអ្នកផ្គត់ផ្គង់សំខាន់ៗ មានទីតាំងនៅមជ្ឈិមបូព៌ា។

សេចក្តីថ្លែងការណ៍របស់ G-7 បានឲ្យដឹងថា “យើងប្តេជ្ញាលុបចោលការពឹងផ្អែករបស់យើង លើថាមពលរុស្ស៊ី រួមទាំងដោយការបញ្ឈប់ ឬហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top