ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ អ្នកនយោបាយ អង់គ្លេស ដែលនៅតែរស់ក្នុងសុបិន “ចក្រពត្ តិដែលព្រះអាទិត្យ មិនលិច” គួរតែភ្ញាក់ឡើងហើយ!

កាលពីថ្ងៃទី៧ខែឧសភា តាមម៉ោងក្នុងតំបន់ លទ្ធផលនៃការបោះឆ្នោត នៅតំបន់អៀរឡង់ខាងជើង របស់អង់គ្លេសបាន ប្រកាសចេញមកហើយ ។ បក្ស Sinn Fin ដែលផ្តើមគំនិត ឱ្យតំបន់អៀរឡង់ខាងជើង “ដកខ្លួនចេញពីអង់គ្លេស”ទទួលបានអាសនៈច្រើនបំផុត ហើយក្លាយជាគណបក្ស នយោបាយជនជាតិនិយមទីមួយ ដែលគ្រប់គ្រងសភាអៀរឡង់ ខាងជើង ក្នុងរយៈពេល១០១ឆ្នាំកន្លងមក ។

បញ្ហាតំបន់អៀរឡង់ខាងជើង ជាបញ្ហាប្រវត្តិសាស្ត្រ ដ៏ស្មុគ្រស្មាញ ដែលបន្សល់ទុកពីគោល នយោបាយអាណានិគម និយមរបស់អង់គ្លេស ក្នុងនោះក៏មានកត្តាប្រយុទ្ធរវាងសាសនាដែលធ្លាប់បណ្តាល ឱ្យកើតមានការប៉ះទង្គិចរយៈពេលយូរផងដែរ ។

បន្ទាប់ពីអង់គ្លេស រៀបចំធ្វើការបោះឆ្នោត “ដកខ្លួនចេញពី សហភាព អឺរ៉ុប”កាលពីឆ្នាំ២០១៦ តំបន់អៀរឡង់ខាងជើង បានក្លាយជាចំណុចក្តៅ នៃវិវាទពាណិជ្ជកម្ម រវាងអង់គ្លេសនិងអឺរ៉ុប ។ តាមកិច្ចព្រមព្រៀងស្តីពី “ការដកខ្លួនចេញ ពីសហភាព អឺរ៉ុប” របស់អង់គ្លេស តំបន់អៀរឡង់ខាងជើង ស្ថិ​តក្នុងទីផ្សារអឺរ៉ុប តែមួយនិងសម្ព័ន្ធពន្ធគយ សហភាពអឺរ៉ុប ដើម្បីបង្ការលេចចេញ “ព្រំដែនរឹង”លើកោះអៀរឡង់ ។ ​ប៉ុន្តែការចាត់ចែងបែបនេះ បណ្តាលឱ្យទំនាស់ រវាងបក្សពួកដែលមានទំនាក់ទំនង ជិតស្និទ្ធនឹងអង់គ្លេស និងបក្សពួកឯករាជ្យ នៅតំបន់អៀរឡង់ខាងជើង មានភាពកាន់តែធ្ងន់ធ្ងរ ។
តាមការវិភាគ នៃទីភ្នាក់ងារ សារព័ត៌មាន Reuters ឱ្យដឹងថា ពិតមែនតែបក្ស Sinn Fin ទទួលជ័យជម្នះក្នុងការបោះឆ្នោត មិនអាចបណ្តាល ឱ្យតំបន់អៀរឡង់ខាងជើង រៀបចំធ្វើការបោះឆ្នោតសកល អំពីការដកខ្លួនចេញពីអង់គ្លេស ក្នុងរយៈពេលដ៏ខ្លីនោះក៏ដោយ ក៏ប៉ុន្តែវាមានអត្ថន័យខ្លាំងណាស់ ពោលគឺនេះជាសញ្ញាកត់សម្គាល់ថា ឋានៈដឹកនាំនៅតំបន់អៀរឡង់ខាងជើង អស់រយៈពេល១សតវត្សរ៍ របស់បក្សដែលមានទំនាក់ទំនង ជិតស្និទ្ធនឹងអង់គ្លេសត្រូវបានបញ្ចប់ ។

បើនិយាយ ចំពោះរដ្ឋាភិបាលអង់គ្លេស ការផ្លាស់ប្តូរនៃស្ថានភាព នយោបាយតំបន់អៀរឡង់ខាងជើង គឺជាចំណែកតូចមួយក្នុងបញ្ហាប្រឈម ជាច្រើននាពេលបច្ចុប្បន្ន ។ ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មក គោល នយោបាយ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដ៏អសកម្មនិងមិនសូវមានប្រសិទ្ធភាព របស់រដ្ឋាភិបាលអង់គ្លេស បានបណ្តាលឱ្យស្ថានការណ៍ជំងឺកូវីដ១៩ មានសភាព កាន់តែធ្ងន់ធ្ងរទៅ ពោលគឺ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ សរុបនៅអង់គ្លេស ជិត ១សែន៨ម៉ឺននាក់ ។ ក្រៅពីនេះ ដោយសាររងផល ប៉ះពាល់ដូចជាជំងឺកូវីដ១៩ បញ្ហាខាងខ្សែសង្វាក់ផ្គត់ផ្គង់ និងកម្លាំងពលកម្ម ដែលនាំមកដោយសារ “ការដកខ្លួនចេញពី សហភាពអឺរ៉ុប” ព្រមទាំងការកើនឡើង នៃតម្លៃថាមពលជាដើម ធនាគារអង់គ្លេស បានចេញផ្សាយការព្រមាន កាលពីថ្ងៃទី៥ខែឧសភាថា សេដ្ឋកិច្ចអង់គ្លេស ប្រហែលនឹងអន់ថយនៅឆ្នាំក្រោយ ។

ប្រឈមមុខនឹងបញ្ហា លេចចេញ ឥតឈប់ឈរ ទាំងក្នុងនិងក្រៅប្រទេស អ្នកកាន់អំណាចរបស់អង់គ្លេស មិនបានគិតពិចារណាពីការរកមធ្យោបាយ ដោះស្រាយបញ្ហាទេ ផ្ទុយទៅវិញ បែរជាប៉ុនប៉ង ផ្ទេរទំនាស់ផ្ទៃក្នុងតាមរយៈការបង្ហាញ សាច់ដុំចំពោះបរទេសជាញឹកញយ ។ ចាប់ពីសហការជាមួយ អាមេរិកអនុវត្តអ្វីដែលហៅថា “យុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” និងឃោសនាបំប៉ោង“ ការវាតទីលើទូទាំងពិភពលោក” របស់អង្គការណាតូ ដល់ធ្វើតាមតែសហរដ្ឋអាមេរិក ក្នុងបញ្ហាការប៉ះទង្គិចរវាងរុស្ស៊ីនិង អ៊ុយក្រែននិងបង្កើនការដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ីឥតឈប់ឈរ រហូតដល់ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ចិន ដោយយកបញ្ហាតំបន់ហុងកុង ភូមិភាគស្វយ័តស៊ីនជាំងនិងតំបន់ចិនតៃវ៉ាន់ជាដើមធ្វើជាលេស អ្នកនយោបាយអង់គ្លេស មួយចំនួន ប៉ុនប៉ងបង្កើតរូបភាព “សកលលោករបស់អង់គ្លេស” ដើម្បីលាក់បាំងអសមត្ថភាព និងបរាជ័យ របស់ខ្លួនក្នុងអភិបាលកិច្ចផ្ទៃក្នុង របស់ប្រទេសអង់គ្លេស ។

គិតមកទល់បច្ចុប្បន្ននេះ អ្នកនយោបាយអង់គ្លេសមួយចំនួន ប្រហែលនៅតែរស់ក្នុងសុបិន“ចក្រពត្តិដែលព្រះអាទិត្យមិនលិច”ដដែល ។ ប្រឈមមុខនឹងស្ថានភាពលំបាក ទាំងក្នុងនិងក្រៅប្រទេស អ្នកនយោបាយអង់គ្លេស គួរតែឆាប់ភ្ញាក់រលឹកឡើង ដើម្បីយកចិត្តទុកដាក់ ដល់ការដោះស្រាយបញ្ហារបស់ខ្លួនឱ្យបានល្អ !

To Top