ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អនុម័តការរឹបអូស ទ្រព្យសម្បត្ដិរុស្ស៊ី នៅក្នុងប្រទេសរបស់ខ្លួន

គៀវ៖ នាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Denys Shmyhal បាន ឲ្យដឹងថារដ្ឋាភិបាលអ៊ុយក្រែន បានអនុម័ត ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោក Shmyhal បានសរសេរនៅលើ Telegram ថា “ថ្ងៃនេះ គណៈរដ្ឋមន្ត្រីបានអនុម័ត លើឯកសារមួយ ដែលទ្រព្យសម្បត្តិរបស់រុស្ស៊ី នៅអ៊ុយក្រែន ត្រូវបានផ្ទេរទៅឱ្យរដ្ឋ ឬជាជាងទៅឱ្យសហគ្រាសរដ្ឋ ‘មូលនិធិវិនិយោគជាតិ”។

លោក Shmyhal បានលើកឡើងថា ទ្រព្យសម្បត្តិរបស់រុស្ស៊ី នឹងត្រូវបានដាក់នៅក្រោម ការគ្រប់គ្រងរបស់មូលនិធិវិនិយោគជាតិ អ៊ុយក្រែន ហើយនឹងត្រូវបានប្រើ សម្រាប់ការពង្រឹងកងទ័ពអ៊ុយក្រែន គាំទ្រប្រជាជន និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឡើងវិញ។

លោកបានបន្ថែមថា រដ្ឋាភិបាលអ៊ុយក្រែន កំពុងធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីរឹបអូសទ្រព្យសម្បត្តិ របស់រុស្ស៊ី នៅបរទេស និងប្រើប្រាស់មូលនិធិ សម្រាប់ការស្តារឡើងវិញ ក្រោយជម្លោះរបស់អ៊ុយក្រែន។

កាលពីខែមេសា លោក Shmyhal បានលើកឡើងថា ទីក្រុងគៀវ បានស្វែងរកការរឹបអូស ទ្រព្យសម្បត្តិរុស្ស៊ី ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការស្តារឡើងវិញ ក្រោយជម្លោះរបស់អ៊ុយក្រែន។ លោក Shmyhal បានឲ្យដឹងនៅលើបណ្ដាញ Telegram ថា “មូលនិធិរបស់រដ្ឋាភិបាលរុស្ស៊ីនិង oligarchs នឹងក្លាយជាប្រភពសំខាន់មួយ សម្រាប់ការបំពេញមូលនិធិ សម្រាប់ការកសាងប្រទេសរបស់យើង”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top