ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងមិនចូលរួម ក្នុងសម័យប្រជុំពិសេស របស់ UNHRC ស្តីពីអ៊ុយក្រែននោះទេ

ម៉ុស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានជ្រើសរើសមិនចូលរួម ក្នុងសម័យប្រជុំពិសេស នាពេលខាងមុខ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UNHRC) ស្តីពីអ៊ុយក្រែន ដោយហៅព្រឹត្តិការណ៍នេះថា មានភាពលំអៀង។

ក្រសួងការបរទេសរបស់ប្រទេសនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីអ្នកនាំពាក្យ លោកស្រី Maria Zakharova ថា “ជាអកុសល អំណះអំណាង និងការពន្យល់របស់យើងទាក់ទងនឹង គោលដៅពិតនៃប្រតិបត្តិការយោធាពិសេស និងស្ថានភាពនៅលើដីកំពុង ត្រូវបានអើពើទាំងស្រុង” ។

UNHRC បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងបើកសម័យប្រជុំពិសេសមួយ នៅថ្ងៃព្រហស្បតិ៍ “ដើម្បីដោះស្រាយស្ថានភាព សិទ្ធិមនុស្សកាន់តែយ៉ាប់យ៉ឺន ក្នុងប្រទេសអ៊ុយក្រែន ដែលផ្តើមចេញពីការឈ្លានពានរបស់រុស្ស៊ី”។

លោកស្រី Zakharova ត្រូវបានគេដកស្រង់សម្តីថា “គណៈប្រតិភូ រុស្ស៊ី នឹងមិនធ្វើឱ្យមានភាពស្របច្បាប់ ក្នុងការបង្ហាញនយោបាយលំអៀង មួយផ្សេងទៀតជាមួយនឹងវត្តមានរបស់ខ្លួននោះទេ” ។

លោកស្រី ក៏បានឲ្យដឹងដែរថា លោកខាងលិច ជាប្រពៃណី បានប្រើប្រាស់សិទ្ធិមនុស្ស ដើម្បី ស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួន តាមរយៈ អាកប្បកិរិយា ឆ្លៀតឱកាស៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top