ព័ត៌មានអន្តរជាតិ

Update ៖ អ៊ុយក្រែន ចោទរុស្ស៊ី ថា រំខានដល់ការ ដឹកជញ្ជូនឧស្ម័ន

គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ថា ប្រតិបត្តិករប្រព័ន្ធបញ្ជូនឧស្ម័ន នៃប្រទេសអ៊ុយក្រែន ហៅកាត់ថា (GSTOU) បានចោទប្រកាន់រុស្ស៊ី ពីបទរំខានការដឹកជញ្ជូនឧស្ម័ន របស់រុស្ស៊ីឆ្លងកាត់អ៊ុយក្រែន ទៅកាន់អ្នកប្រើប្រាស់នៅ អ៊ុយក្រែន និងអឺរ៉ុប ។

លោក Sergiy Makogon ប្រធាន GSTOU បានលើកឡើងកាលពីថ្ងៃពុធថា ក្រុមហ៊ុន Gazprom បានបញ្ឈប់ការដឹកជញ្ជូនឧស្ម័នពីប្រទេសរុស្ស៊ី ទៅកាន់ស្ថានីយ៍វាស់ឧស្ម័ន Sokhranivka ដូច្នេះការផ្អាកការផ្គត់ផ្គង់ទៅកាន់តំបន់ Donetsk និង Lugansk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

គួររំលឹកថា កាលពីថ្ងៃអង្គារ GSTOU បានឲ្យដឹងថា ខ្លួនត្រូវបានបង្ខំឱ្យផ្អាក ការដឹកជញ្ជូនឧស្ម័នរុស្ស៊ី ទៅកាន់ទ្វីបអឺរ៉ុប តាមរយៈទឹកដី នៅភាគខាងកើតអ៊ុយក្រែន ដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី ដោយសារតែ “មហាអំណាច” ។

ខាង GSTOU បានលើកឡើងថា ការដឹកជញ្ជូនឧស្ម័នតាមរយៈ Sokhranivka និង ស្ថានីយ៍បង្ហាប់ព្រំដែន Novopskov ត្រូវបានបញ្ឈប់ដោយសារតែការជ្រៀតជ្រែក ដោយគ្មានការអនុញ្ញាត នៅក្នុងដំណើរការ បច្ចេកទេស និងការដកឧស្ម័នចេញ ។

ប្រតិបត្តិករបានលើកឡើងថា “សកម្មភាពរបស់អ្នកកាន់កាប់ បាននាំឱ្យមានការរំខាន នៃការដឹកជញ្ជូនឧស្ម័ន” ។

Novopskov គឺជាស្ថានីយ៍បង្ហាប់ឧស្ម័ននៅក្នុងតំបន់ Lugansk ដែលរងផលប៉ះពាល់ដោយជម្លោះ ដែលបូមឧស្ម័នរហូតដល់ ៣២,៦លានម៉ែត្រគូបក្នុង១ថ្ងៃតាមរយៈ Sokhranivka ឬ១/៣នៃការដឹកជញ្ជូន ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប ។

ប្រតិបត្តិករ GSTOU បានលើកឡើងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្លាស់ប្តូរលំហូរឧស្ម័នពី Sokhranivka ទៅកាន់ចំណុចតភ្ជាប់អន្តរសាខា Sudzha ដែលមានទីតាំងនៅក្នុងទឹកដី ដែលគ្រប់គ្រងដោយអ៊ុយក្រែន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top