ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សម្ដែងការព្រួយបារម្ភ ជុំវិញស្ថានភាពនៅស្រីលង្កា

យូអិន៖ លោក Farhan Haq អ្នកនាំពាក្យរងរបស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅក្នុងប្រទេសស្រីលង្កា។

លោក Haq បានលើកឡើងថា “អ្វីដែលខ្ញុំអាចនិយាយបានគឺថា អគ្គលេខាធិការមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសស្រីលង្កា។ លោកថ្កោលទោសរាល់អំពើហឹង្សា និងអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់” ។

អ្នកនាំពាក្យរូបនេះបានបន្ដថា លោក Guterres បន្តលើកទឹកចិត្តអ្នកពាក់ព័ន្ធទាំងអស់របស់ស្រីលង្កា ឱ្យស្វែងរកដំណោះស្រាយចំពោះបញ្ហា ប្រឈមនាពេលបច្ចុប្បន្នតាមរយៈការសន្ទនា។

ការតវ៉ាដោយហិង្សានៅស្រីលង្កា នាំឱ្យនាយករដ្ឋមន្ត្រី Mahinda Rajapaksa លាលែងពីតំណែងកាលពីថ្ងៃចន្ទ។ បន្ទាប់មក បម្រាមគោចរទូទាំងប្រទេសត្រូវបានដាក់ចេញ។ ក្រសួងការពារជាតិស្រីលង្កា កាលពីថ្ងៃអង្គារបាន បញ្ជា ឱ្យកងកម្លាំងប្រដាប់អាវុធបើកការបាញ់ ប្រហារទៅលើនរណាម្នាក់ ដែលលួចទ្រព្យសម្បត្តិសាធារណៈ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

ប្រទេសស្រីលង្កា បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចជាច្រើនសប្តាហ៍ ដែលកើតចេញពីកង្វះខាតការប្តូរប្រាក់ បរទេស ដែលបាននាំឱ្យមានការខ្វះខាតការផ្គត់ផ្គង់សំខាន់ៗដូចជាប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top