ម៉ូស្គូ ៖ ប្រមុខរដ្ឋបាលយោធា-ស៊ីវិល ក្នុងតំបន់ Poltava លោក Dmytro Lunin បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ទៅលើរោងចក្រចម្រាញ់ប្រេង ដ៏សំខាន់មួយនៅក្នុងទីក្រុង Kremenchuk ក្នុងតំបន់ Poltava ភាគកណ្តាល របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ។
លោក Lunin បានសរសេរ នៅលើបណ្ដាញ Telegram ឲ្យដឹងថា “ការបាញ់ផ្លោងនៃតំបន់ Poltava នាពេលបច្ចុប្បន្ននេះ ប្រហែលជាធំបំផុត ក្នុងកំឡុងសង្គ្រាមពេញលេញ” ។
លោក Lunin បានលើកឡើងថា គ្រាប់រ៉ុក្កែតចំនួន ១២ គ្រាប់បានវាយប្រហារទៅលើហេដ្ឋារចនា សម្ព័ន្ធនៅក្នុងទីក្រុង Kremenchuk ដោយភាគច្រើន នៃពួកគេបានវាយប្រហារ ទៅលើរោងចក្រចម្រាញ់ប្រេង។
លោក Lunin បានបន្ដថា ការវាយប្រហារនេះ បណ្តាលឱ្យមានការឆេះនៅរោងចក្រចម្រាញ់ប្រេង ដោយបន្ថែមថា មិនមានអ្នករងរបួស នៅក្នុងការបាញ់ផ្លោងនោះទេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក រោងចក្រចម្រាញ់ប្រេង Kremenchuk ដែលមានសមត្ថភាពរចនា ១៨,៦លានតោន គឺជារោងចក្រចម្រាញ់ប្រេង ដ៏ធំបំផុតនៅអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
