ភ្នំពេញ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន បានថ្លែងថា អាស៊ាន គឺស្ថិតនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹមតែប៉ុណ្ណោះទេ អាមេរិកមានភាពរីករាយក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាមេរិក-អាស៊ាន ។
ក្នុងកិច្ចប្រជុំជាមួយផ្នែកធុរកិច្ចអាស៊ាន-អាមេរិក ក៏ដូចជាពិធីពិសាហារភោជនីហារពេលល្ងាចជាមួយ បណ្តាមេដឹកនាំអាស៊ាននៅថ្ងៃ១២ ឧសភា លោក ចូ បៃឌិន មានប្រសាសន៍ថា «រយៈពេល៤៥ឆ្នាំ ហើយនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជាមួយអាស៊ាន ហើយកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន លើកនេះ គឺមានលក្ខណៈពិសេសដែលរៀបចំឡើង នៅរដ្ឋធានីវ៉ាស៊ីនតោន ហើយជាទំព័រថ្មី និងសករាជថ្មី ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។ អាស៊ាន គឺនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹមតែប៉ុណ្ណោះទេ អាមេរិកមានភាពរីករាយ ក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងសហរដ្ឋអាមេរិកនិងអាស៊ានហើយការដែល ទទួលអាហារពេលល្ងាចនេះ គឺដើម្បីអបអរសាទរនៅក្នុងការពង្រឹង ជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អជាមួយអាស៊ាន» ។
ចំណែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាវិញ ក្នុងនាមជាប្រធានអាស៊ាន បានគូសបញ្ជាក់ដែរថា ឆ្នាំនេះគឺជាខួបលើកទី៤៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន-អាមេរិក ហើយពេលនេះជាវិធីមួយដ៏សាកសមដែលថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកបានជួបជុំគ្នានៅក្នុងសេតវិមាន ដើម្បីរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃភាពជាដៃគូដ៏យូរអង្វែងង ។
សម្តេចតេជោបន្ថែមថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទអាស៊ានរួមគ្នា ធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលផ្អែកលើស្មារតីអាស៊ានបាននិងកំពុងខិតខំរួមគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ការអនុវត្តវិបុលភាពប្រកបដោយចីរភាពនិងបរិយាបន្ន ។
សម្ដេចតេជោបន្តទៀតថា អាស៊ានវាយតម្លៃខ្ពស់រាល់កិច្ចការអាមេរិក បានធ្វើសម្រាប់តំបន់។ ក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចថ្លែងអំណរគុណចំពោះ ប្រធានាធិបតី និងប្រជាពលរដ្ឋសហរដ្ឋអាមេរិកគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាន។
សម្តេចតេជោថា ជាមួយនឹងសន្ទុះដែលបាននិងកំពុងវិវឌ្ឍយ៉ាងលឿននៃការឈានឆ្ពោះទៅរកប្រយោជន៍រួមតែមួយ សម្ដេចបានអញ្ជើញលោកប្រធានាធិបតី ចូ បៃឌិន ដោយផ្ទាល់ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខ។
ដោយឡែក ប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានសម្របសម្រួល កិច្ចសន្ទនារវាងអាស៊ានអាមេរិកនេះ បានលើកឡើងថា នឹងបន្តពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយសហរដ្ឋអាមេរិកដែលនឹងដំឡើងពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងអាស៊ានអាមេរិកនេះ មានន័យថា នេះជាកម្រិតខ្ពស់បំផុតនៅក្នុងក្របខណ្ឌអាស៊ាន៕