ព័ត៌មានអន្តរជាតិ

អតិផរណា របស់សហភាពអឺរ៉ុប ដែលជំរុញដោយវិបត្តិអ៊ុយក្រែន នឹងបន្តកើតមាន

ព្រុចសែល៖ ក្រុមអ្នកវិភាគបានឲ្យដឹងថា សេដ្ឋកិច្ចនៃទ្វីបអឺរ៉ុប កំពុងប្រឈមមុខនឹង ការកើនឡើង ហានិភ័យនៃការជាប់គាំង ដែលបណ្តាលមកពីផលប៉ះពាល់ នៃជម្លោះដែលកំពុងបន្ត រវាងរុស្ស៊ីនិងអ៊ុយក្រែន។

តួលេខថ្មីៗដែលចេញផ្សាយដោយគណៈកម្មការអឺរ៉ុបបានបង្ហាញថា សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ ដែលរួមមានរដ្ឋសមាជិកចំនួន ១៩ នៃសហភាពអឺរ៉ុប បានកើនឡើងជាមធ្យម ០,២ភាគរយក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។

ប៉ុន្តែជាមួយនឹងតម្លៃកើនឡើងដោយសារតែថ្លៃថាមពល និងអាហារកាន់តែខ្ពស់ – គណៈកម្មការបាននិយាយថា អតិផរណាប្រចាំឆ្នាំរបស់តំបន់ចាយប្រាក់អឺរ៉ូមានកម្រិតខ្ពស់បំផុត ៧,៥ភាគរយនៅក្នុងខែមេសា – លទ្ធផលសុទ្ធ គឺជាការថយចុះនៃអំណាចបញ្ជាទិញរបស់អឺរ៉ុប។

អ្នកវិភាគបានឲ្យដឹងទៀតថា តម្លៃថាមពល គឺជាបញ្ហាចម្បង ដោយអ្នកវិភាគបានកត់សម្គាល់ថា ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ មានផលប៉ះពាល់ដល់ការដឹកជញ្ជូន និងការផលិតនៅទូទាំងទ្វីបអឺរ៉ុប។

លោក Alessandro Polli សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច ស្ថិតិនៅសាកលវិទ្យាល័យ Sapienza នៃទីក្រុងរ៉ូម បានប្រាប់ស៊ីនហួថា “ជួនកាលអតិផរណាអាចជាសញ្ញានៃតម្រូវការអ្នកប្រើប្រាស់ខ្ពស់ ប៉ុន្តែក្នុងករណីនេះតម្លៃ កំពុងត្រូវបានជំរុញឱ្យខ្ពស់ ដោយការកើនឡើង នៃថ្លៃថាមពល”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top