ព័ត៌មានអន្តរជាតិ

ក្រុម G7 ប្តេជ្ញាថា នឹងបន្តដាក់សម្ពាធលើរុស្ស៊ី ពិសេសជុំវិញ “សង្គ្រាមស្រូវសាឡី”

អាល្លឺម៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ថា ក្រុមរដ្ឋមន្ត្រីការបរទេស មកពីប្រទេសចំនួន៧ បានប្តេជ្ញាកាលពីថ្ងៃសៅរ៍ថា នឹងបង្កើនឲ្យមានភាពឯកោ ខាងផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់រុស្ស៊ី ហើយបន្តផ្គត់ផ្គង់ អាវុធដល់អ៊ុយក្រែន និងដោះស្រាយអ្វី ដែលរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានពិពណ៌នាថា ជា “សង្រ្គាមស្រូវសាឡី” ដែលកំពុងបង្កឡើងដោយទីក្រុងម៉ូស្គូ ។

បន្ទាប់ពីកិច្ចប្រជុំនៅរមណីយដ្ឋាន សមុទ្របាល់ទិកនៃក្រុង Weissenhaus អ្នកការទូតជាន់ខ្ពស់មកពីចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានសន្យាបន្តជំនួយផ្នែកយោធា និងការពារជាតិ “ដរាបណាចាំបាច់” ។
ពួកគេក៏នឹងដោះស្រាយនូវ អ្វីដែលគេហៅថា ព័ត៌មានមិនពិតរបស់រុស្ស៊ី ក្នុងគោលបំណងបន្ទោសប្រទេស លោកខាងលិច ចំពោះបញ្ហាការផ្គត់ផ្គង់ស្បៀង អាហារជុំវិញពិភពលោក ដោយសារការដាក់ ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ និងបានជំរុញប្រទេសចិន កុំឱ្យជួយដល់ក្រុងម៉ូស្គូ ឬបង្ហាញអំពីភាពត្រឹមត្រូវ នៃសង្គ្រាមរបស់រុស្ស៊ី នេះបើយោងតាមសេចក្តីថ្លែងការណ៍ រួមបានប្រកាសដូច្នេះ ។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock បាន ប្រាប់ដល់អ្នកយកព័ត៌មានថា “តើយើងបានធ្វើគ្រប់គ្រាន់ ដើម្បីកាត់បន្ថយផលវិបាក នៃសង្រ្គាមនេះទេ? វាមិនមែនជាសង្រ្គាមរបស់យើងទេ ។ វាជាសង្រ្គាមរបស់ប្រធានាធិបតីរុស្ស៊ី ប៉ុន្តែយើងមានការ ទទួលខុសត្រូវជាសកល” ។

លោក ឌីមេទ្រី មេវ៉េឌីវ អតីតប្រធានាធិបតីរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក វ្ល៉ាឌីមៀ ពូទីន បានច្រានចោល កិច្ចប្រជុំនេះ ជាពិសេសការទទូច របស់ក្រុមដែលថា បូរណភាព នៃព្រំដែនដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិរបស់អ៊ុយក្រែន ត្រូវបានទទួលស្គាល់ ។

លោកបានលើកឡើងនៅក្នុងការបង្ហោះតាមអ៊ីនធឺណេតថា “សូមនិយាយដោយស្លូតត្រង់ ប្រទេសរបស់យើងមិនខ្វល់អ្វីទាំងអស់អំពីក្រុម G7 ដែលមិនទទួលស្គាល់ព្រំដែនថ្មី ។ អ្វីដែលសំខាន់ គឺឆន្ទៈពិតប្រាកដ របស់ប្រជាជនដែលរស់នៅទីនោះ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top