ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក សង្ឃឹមថា​ នឹងឈានដល់​កិច្ចព្រមព្រៀង ជាមួយអាមេរិក ក្នុងកិច្ចប្រជុំកំពូលទ្វីបអាមេរិក

ម៉ុកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា លោកសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ដើម្បីរៀបចំកិច្ចប្រជុំកំពូល នៃទ្វីបអាមេរិកនាពេលខាងមុខ ដោយមិនមានការលើកលែងពីប្រទេសក្នុងតំបន់ណាមួយឡើយ។

លោក បាន សង្កត់ ធ្ងន់ ថា “យើង ត្រូវ តែ រួបរួម ពិតណាស់ យើងមានភាពខុសគ្នា ប៉ុន្តែកិច្ចព្រមព្រៀងអាចធ្វើឡើង ដើម្បីគោរពភាពខុសគ្នា ភាពឯកោនៃប្រជាជននីមួយៗ និងអធិបតេយ្យភាពនៃប្រទេសនីមួយៗ ហើយរកមើលអ្វីដែលបង្រួបបង្រួមយើង” ។

យោងតាមលោក Lopez Obrador គណៈកម្មការរៀបចំព្រឹត្តិការណ៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦-១០ ខែមិថុនានៅទីក្រុង Los Angeles នឹងធ្វើទស្សនកិច្ចនៅប្រទេសម៉ិកស៊ិក ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីដោះស្រាយបញ្ហា នៃការអញ្ជើញ។

លើសពីនេះ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក Marcelo Ebrard នឹងធ្វើការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken លើប្រធានបទនេះនៅថ្ងៃចន្ទ។

កិច្ចប្រជុំកំពូលដំបូង នៃទ្វីបអាមេរិកត្រូវបានធ្វើឡើង នៅទីក្រុងម៉ៃអាមីក្នុងឆ្នាំ១៩៩៤ ហើយចាប់តាំងពីពេលនោះ មកវាត្រូវបានចោទប្រកាន់ពីបទ មិនរាប់បញ្ចូលប្រទេសមួយចំនួន ដែលមានភាពខុសគ្នា ខាងនយោបាយ ជាមួយសហរដ្ឋអាមេរិក ដូចជាគុយបា និងវេណេហ្ស៊ុយអេឡា ដោយសារសម្ពាធរបស់សហរដ្ឋអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top