ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន និង EU ពិភាក្សាគ្នាពីការសម្រេចបំណង នៃការធ្វើសមាហរណកម្មអ៊ុយក្រែន ជាបេក្ខជនសហភាពអឺរ៉ុប

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ថា លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប ហៅកាត់ថា (EU)អ្នកទទួលបន្ទុកកិច្ចការប្រទេសជិតខាង លោក Oliver Varhelyi កាលពីថ្ងៃចន្ទ បានពិភាក្សាគ្នាអំពីសេចក្តីប្រាថ្នា​ សមាហរណកម្មអ៊ុយក្រែន ជាបេក្ខជននៅសហភាពអឺរ៉ុប នេះបើយោងតាម ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងដូច្នេះ ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅឯកិច្ចពិភាក្សារបស់ពួកគេ នៅទីក្រុងប្រ៊ុចស៊ែល លោក Kuleba និង លោក Varhelyi បានពិភាក្សាអំពីលទ្ធភាព នៃការផ្តល់ឋានៈជាបេក្ខជន សហភាពអឺរ៉ុបដល់អ៊ុយក្រែន ។

លោក Kuleba បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា “វាដល់ពេលដែលត្រូវស្តារឡើងវិញ នូវផ្លូវច្បាប់សម្រាប់អ៊ុយក្រែន នៅលើមធ្យោបាយរបស់ខ្លួនទៅកាន់ EU និងធ្វើឱ្យអឺរ៉ុបកាន់តែរឹងមាំ សុវត្ថិភាព និងវិបុលភាពជាងមុន” ។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចុះហត្ថលេខាលើការអំពាវនាវជាផ្លូវការ ទៅកាន់សហភាពអឺរ៉ុបដែលស្នើសុំ ឱ្យមានការចូលជាសមាជិកអ៊ុយក្រែន តាមរយៈនីតិវិធីពិសេសថ្មីមួយ ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានផ្តល់កម្រងសំណួរសមាជិកភាព សហភាពអឺរ៉ុបដល់ Zelensky ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោកស្រីទៅកាន់ក្រុង គៀវ ក្នុងខែមេសា ។ ផ្នែកទីមួយនៃឯកសារ ត្រូវបានដាក់ទៅសហភាពអឺរ៉ុប នៅថ្ងៃទី១៨ ខែមេសា ខណៈផ្នែកទី២ គឺនៅថ្ងៃទី៩ ខែឧសភា ។

មានសេចក្តីរាយការណ៍ជាច្រើន បានឲ្យដឹងថា សហភាពអឺរ៉ុប គ្រោងនឹងពិចារណាលើស្ថានភាព បេក្ខជនអ៊ុយក្រែននៅខែក្រោយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top