គៀវ ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាល អ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ សំដីអនុរដ្ឋមន្ត្រីការពារជាតិ លោកស្រី Hanna Malyar ឲ្យដឹងថា ការជម្លៀសកងទ័ពអ៊ុយក្រែន ចេញពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol គឺជារូបមន្តតែមួយគត់ ដែលអាចធ្វើទៅបាន សម្រាប់ការ សង្គ្រោះរបស់ពួកគេ ។
លោកស្រី Malyar បានលើកឡើងថា “ជាអកុសល ការមិនទប់ស្កាត់ដោយយោធា គឺមិនអាចទៅរួចនោញទេក្នុងស្ថានភាពនេះ។ វាមិនអាចមានរូបមន្ត នៃការសង្គ្រោះផ្សេងពីវិធីមួយ ដែលកំពុងប្រើនាពេលបច្ចុប្បន្ននេះទេ។ វាគឺជាវិធីតែមួយគត់ ដែលជាច្រកចេញ” ។
លោកស្រី Malyar បានបន្ដថា កងកម្លាំងយោធាអ៊ុយក្រែន បានបំពេញបេសកកម្មប្រយុទ្ធ របស់ពួកគេយ៉ាងពេញលេញ នៅក្នុងទីក្រុង Mariupol នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោកស្រីបានបន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះពី Azovstal នឹងបន្តរហូតដល់ទាហានអ៊ុយក្រែនត្រឡប់ទៅផ្ទះវិញ ពីទឹកដី ដែលមិនអាចគ្រប់គ្រងបាន។
លោកស្រី Malyar បានបន្ថែមថា ទាហានដែលរងរបួសយ៉ាងធ្ងន់ធ្ងរចំនួន ៥៣នាក់ ត្រូវបានបញ្ជូនទៅកន្លែងថែទាំសុខភាពក្នុងទីក្រុង Novoazovsk ដើម្បីព្យាបាលរបួស ខណៈដែលទាហានចំនួន ២១១នាក់ផ្សេងទៀត ត្រូវបានគេនាំទៅកាន់ទីក្រុង Olenivka តាមរយៈច្រករបៀងមនុស្សធម៌៕
ប្រែសម្រួល ឈូក បូរ៉ា