បរទេស៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ និង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងអនុវត្តការ គ្រប់គ្រងរបស់ពួកគេ លើអ្នកចរចាអ៊ុយក្រែន ក្នុងគោលបំណង អូសបន្លាយជម្លោះ ហើយគោលនយោបាយនេះ បាននាំឱ្យមានការផ្អាក កិច្ចចរចាសន្តិភាព រវាងទីក្រុងម៉ូស្គូនិងទីក្រុងកៀវ។ នេះបើតាមការអះអាង របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅឯការវេទិកា រត់ម៉ារ៉ាតុងអប់រំ New Horizons លោក Lavrov បាននិយាយថា អ៊ុយក្រែន ប្រហែល ជាបានធ្វើការសម្រេចចិត្ត ដោយខ្លួនឯង ពេលចរចានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៅពេលដែលវាបានបង្កើតឡើងនូវ “គោលការណ៍ដែលអាចទទួលយក បានសម្រាប់ការឈានដល់ កិច្ចព្រមព្រៀង” ក្នុងអំឡុងពេលការចរចា ជាមួយប្រទេសរុស្ស៊ី ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមលោករដ្ឋមន្ត្រី គំនិតទាំងនេះទំនងជាមិនត្រូវបាន គាំទ្រដោយលោកខាងលិច នោះទេ។
លោក Lavrov បានបន្តថា “យើងមានព័ត៌មានដែលចូល មកតាមបណ្តាញផ្សេងៗ ដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងជាពិសេស រដ្ឋាភិបាលទីក្រុងឡុងដ៍ ដឹកនាំអ្នកចរចាអ៊ុយក្រែន និងគ្រប់គ្រងសេរីភាពរបស់ពួកគេ។ ពួកគេចង់អូសបន្លាយជម្លោះ ហើយវាហាក់ដូចជា ពួកគេថាជម្លោះនេះ កាន់តែយូរជាងនេះ ហើយបើការខូចខាតកាន់តែច្រើន នោះនឹងធ្វើឲ្យពួកទាហានរុស្ស៊ី រងការខូចខាតកាន់តែខ្លាំង ឡើង»។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ ក៏បានបង្ហាញការមន្ទិលសង្ស័យថា «ការផ្ទេរការសន្ទនាទៅកម្រិត ក្រុងវ៉ាស៊ីនតោន ឬទីក្រុងឡុងដ៍» នឹងអាចផ្លាស់ប្តូរអ្វីមួយ ក្នុងលក្ខខណ្ឌនៃការរីកចម្រើន៕
ប្រែសម្រួលៈ ណៃ តុលា