ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ចុះបញ្ចូលឱ្យមេដឹកនាំអឺរ៉ុប ដកលុយពីកាបូបបន្ថែម សម្រាប់អ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃអង្គារបានអំពាវនាវ សម្រាប់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បង់ប្រាក់ឱ្យអ៊ុយក្រែន និងកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។ ដោយមើលឃើញថា ប្រាក់រាប់ពាន់លានដុល្លារដែលបានចំណាយរួចហើយដោយសហរដ្ឋអាមេរិក និងអឺរ៉ុប មិនគ្រប់គ្រាន់ដើម្បីរក្សាអ៊ុយក្រែនឱ្យនៅស្ថិតស្ថេរនោះ លោកស្រី Yellen បានប្រកាសថា រដ្ឋាភិបាលទីក្រុងគៀវ នៅទីបំផុតនឹងត្រូវការ “ការគាំទ្រដ៏ធំ” លើកម្រិតនៃផែនការ Marshall ក្រោយសង្គ្រាមលោកលើកទីពីរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ជាមួយនឹងសមាជិកសភាអាមេរិកបានត្រៀមខ្លួនដើម្បីអនុម័តកញ្ចប់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចចំនួន 40 ពាន់លានដុល្លារដល់អ៊ុយក្រែន និងទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកដែលពាក់ព័ន្ធនៅទីនោះ លោកស្រី Yellen រដ្ឋមន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារ ដើម្បីបញ្ចុះបញ្ចូលមេដឹកនាំអឺរ៉ុបឱ្យបើកកាបូបប្រាក់របស់ពួកគេសម្រាប់ទីក្រុង គៀវ។

លោកស្រីបាននិយាយថា “ខ្ញុំស្នើសុំដោយស្មោះអស់ពីដៃគូរបស់យើងទាំងអស់ឱ្យចូលរួមជាមួយយើង ក្នុងការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ពួកគេដល់អ៊ុយក្រែន” ។

សូមជម្រាបថា សហភាពអឺរ៉ុបនឹងសន្យាផ្តល់កញ្ចប់ជំនួយយោធាចំនួន 500 លានអឺរ៉ូ (520 លានដុល្លារ) បួនដងជាប់ៗគ្នាដល់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ និងប្រាក់កម្ចីសង្គ្រោះបន្ទាន់ចំនួន 1,2 ពាន់លានអឺរ៉ូ (1,26 ពាន់លានដុល្លារ) ចាប់តាំងពីខែមករា។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ុយក្រែនអះអាងថា ត្រូវការប្រាក់ប្រហែល ៥ពាន់លានដុល្លារក្នុងមួយខែ ដើម្បីរក្សាសេដ្ឋកិច្ចរបស់ប្រទេសនេះឱ្យនៅគង់វង្ស៕ប្រែសម្រួលៈ ណៃ តុលា

To Top