បរទេស៖ យោងតាមការបញ្ជាក់ ដោយលោកនាយករដ្ឋមន្ត្រីប៉ូឡូញ Mateusz Morawieki កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាលទីក្រុង Warsaw គឺបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការអនុញ្ញាតិឲ្យមានការសាងសង់ នូវមូលដ្ឋានទ័ពអចិន្ត្រៃយ៍មួយពីសំណាក់ អង្គការណាតូនៅក្នុងទឹកដីរបស់ខ្លួន ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះផងដែរ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវ ឲ្យអង្គការយោធាដែលដឹកនាំដោយ អាមេរិកមួយនេះក្នុងការបន្ត ធ្វើការពង្រីកប្រព័ន្ធអាវុធទៅ កាន់តំបន់ភាគខាងកើតអឺរ៉ុបផង ស្របពេលដែលរុស្សីកំពុងធ្វើការ លុកលុយអ៊ុយក្រែនបែបនេះ ។
លោកបានថ្លែងប្រាប់ទៅកាន់ អ្នកចូលរួមមួយក្នុងទីក្រុង Warsaw ថា៖ មូលដ្ឋានជាអចិន្ត្រៃយ៍នៃសម្ព័ន្ធមិត្ត គួរតែត្រូវបានរៀបចំទីតាំងនៅតាម ប្រទេសស្ថិតនៅអឺរ៉ុបភាគខាងកើត របស់ណាតូនិងអឺរ៉ុបហើយក្នុងនោះ ប្រទេសប៉ូឡូញគឺបានត្រៀមខ្លួនរួច ទៅហើយដើម្បីទទួលវត្តមានរបស់ណាតូ។
លោកបន្តថា៖ ការរៀបចំទីតាំងយោធា និងប្រព័ន្ធអាវុធប៉ុណ្ណោះដែលជា វិធីសាស្ត្រដើម្បីរារាំងរុស្សីបាន ហើយក្នុងនោះក៏គួរតែបន្តផ្តល់ជំនួយយោធា ទៅដល់ប្រទេសអ៊ុយក្រែន បន្ថែមទៀតផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី