ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាអាមេរិក អនុម័តកញ្ចប់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចចំនួន ៤០ពាន់លានដុល្លារ ដល់អ៊ុយក្រែន

បរទេស៖ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ដើម្បី អនុម័តកញ្ចប់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចចំនួន 40 ពាន់លានដុល្លារដល់អ៊ុយក្រែន។ សេចក្តីព្រាងច្បាប់នេះ បានផ្តល់អំណោយដល់ទីក្រុងកៀវ ជិត២០ពាន់លានដុល្លារ ជាអាវុធ គ្រាប់រំសេវ និងការបណ្តុះបណ្តាល និងជួយជំរុញថវិការបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក យ៉ាងខ្លាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី20 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា ច្បាប់នេះត្រូវបានអនុម័តដោយ 86 សំឡេងទល់នឹង 11សំឡេង ហើយប្រធានាធិបតី Joe Biden ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើច្បាប់នេះភ្លាមៗ។ ក្នុង ចំណោម សមាជិក ព្រឹទ្ធសភា ទាំង ១១ រូប ដែល ប្រឆាំង នឹងច្បាប់នេះ សុទ្ធតែជាសមាជិក គណបក្ស សាធារណរដ្ឋ។

នៅក្រោមច្បាប់នេះ អ៊ុយក្រែនទទួលបានជំនួយ ផ្នែកយោធាដែលមានតម្លៃ 19,75 ពាន់លានដុល្លារ រួមទាំងប្រាក់បៀវត្សរ៍ សម្រាប់កងទ័ពរបស់ខ្លួន អាវុធ និងជំនួយចារកម្មពីយោធាអាមេរិក។ មួយចំនួននៃចំនួនថវិកានេះ ក៏ត្រូវបានបែងចែកសម្រាប់ចំណាយ ដល់ទាហានអាមេរិកដែល ដាក់ពង្រាយនៅអឺរ៉ុប និងបំពេញបន្ថែមស្តុកអាវុធ របស់អាមេរិកដែលបានបញ្ជូន ទៅអ៊ុយក្រែនរួចហើយ។

ក្រសួងការបរទេសអាមេរិក ក៏ត្រៀមទទួលជំនួយចំនួន 13,9 ពាន់លានដុល្លារ ដោយក្នុងនោះ 8,8 ពាន់លានដុល្លារ ត្រូវបញ្ជូនទៅអ៊ុយក្រែន និង 4 ពាន់លានដុល្លារ បញ្ជូនទៅយោធាអ៊ុយក្រែន និងប្រទេសជិតខាង។ តម្លៃ 40 ពាន់លានដុល្លារ វិក័យប័ត្រនេះមានទំហំធំជាង 6 ដងនៃទំហំថវិកាការពារជាតិប្រចាំឆ្នាំ របស់អ៊ុយក្រែនទាំងមូល ៕

ប្រែសម្រួលៈ ណៃ តុលា

To Top