បរទេស៖ យោងតាមប៉ូលិស កូរ៉េខាងត្បូងបានឲ្យដឹងថា មន្ត្រីសន្តិសុខម្នាក់ក្នុងចំណោម មន្ត្រីសន្តិសុខរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបំពាន លើពលរដ្ឋកូរ៉េខាងត្បូងម្នាក់ ក្នុងទីក្រុងសេអ៊ូល ប៉ុន្មានម៉ោងមុនពេលលោក Biden មកដល់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមប៉ូលិសកូរ៉េខាងត្បូង។
យោងទៅតាមសារព័ត៌មាន Washington Post ចេញផ្សាយនៅថ្ងៃទី20 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា បុគ្គលនោះត្រូវបានឃុំខ្លួនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ មន្ត្រីប៉ូលីសសង្កាត់ Yongsan ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃសុក្រ។ មន្ត្រីដែលនិយាយ ក្នុងលក្ខខណ្ឌសុំ មិនបញ្ចេញឈ្មោះ ដោយសារគាត់ មិនមានសិទ្ធិនិយាយអំពី ហេតុការណ៍នោះ បានបដិសេធ មិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
កាសែត Chosun Ilbo របស់ប្រទេសកូរ៉េខាងត្បូង ដែលបានរាយការណ៍ករណីនេះ ជាលើកដំបូងកាលពីថ្ងៃសុក្រ បាននិយាយថា ជនសង្ស័យត្រូវបានចោទប្រកាន់ថា ស្រវឹង ហើយបានវាយគ្នាជាមួយ ជនជាតិកូរ៉េខាងត្បូងម្នាក់នៅក្បែរសណ្ឋាគារ Grand Hyatt ក្នុងទីក្រុងសេអ៊ូល ជាកន្លែងដែលក្រុមរបស់លោក Biden ស្នាក់នៅ។
យោងតាមកាសែតបានឱ្យដឹងថា បុគ្គលនោះធ្វើការឱ្យក្រសួងសន្តិសុខ មាតុភូមិរបស់សហរដ្ឋអាមេរិក ហើយមានអាយុ 30ឆ្នាំ ៕
ប្រែសម្រួលៈ ណៃ តុលា