ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបាន “រំដោះទាំងស្រុង” នូវរោងចក្រដែក Azovstal នៅទីក្រុង Mariupol នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “កន្លែងក្រោមដីនៃសហគ្រាស ដែលក្រុមសកម្មប្រយុទ្ធលាក់ខ្លួននោះ គឺស្ថិតនៅក្នុងការគ្រប់គ្រងទាំងស្រុង របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី”។
ប្រភពបានឲ្យដឹងថា “ក្រុមចុងក្រោយនៃ ពួកសកម្មប្រយុទ្ធចំនួន ៥៣១នាក់ បានចុះចាញ់នៅថ្ងៃនេះ” ដោយបន្ថែមថា “ទាហាន Azov Nazis និងអ៊ុយក្រែនសរុបចំនួន ២៤៣៩នាក់បានដាក់អាវុធ របស់ពួកគេចាប់តាំងពីថ្ងៃទី១៦ ខែឧសភា” ។
យោងតាមសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានរាយការណ៍ទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំពីការបញ្ចប់ប្រតិបត្តិការនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា