ម៉ូស្គូ ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹង បង្កើតអង្គភាពយោធាថ្មី ចំនួន ១២ នៅក្នុងតំបន់យោធា ភាគខាងលិច របស់ខ្លួន ដើម្បីឆ្លើយតប ទៅនឹងការកើនឡើង សកម្មភាពយោធារបស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងការចូលជាសក្តានុពល របស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ។
លោក Shoigu បានឲ្យដឹង ក្នុងអំឡុងពេលកិច្ចប្រជុំមួយ របស់ក្រុមប្រឹក្សាក្រសួងការពារជាតិថា “សហរដ្ឋអាមេរិក និងណាតូ កំពុងបង្កើនការហ្វឹកហ្វឺន ប្រតិបត្តិការ និងការប្រយុទ្ធនៅជិតព្រំដែន របស់យើង” ។
លោកបានបន្ថែមថា “លើសពីនេះ ប្រទេសជិតខាងបំផុត របស់យើង ហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យចូលរួម អង្គការណាតូ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Shoigu បានបន្ថែមថា ប្រទេសរុស្ស៊ី នឹង “អនុវត្តវិធានការឆ្លើយតបឱ្យបានគ្រប់គ្រាន់” នៅក្រោមកាលៈទេសៈ បច្ចុប្បន្ន ដោយ “ធ្វើឱ្យប្រសើរឡើង នូវសមាសភាពប្រយុទ្ធរបស់កងទ័ព” និងបង្កើតអង្គភាពយោធាចំនួន ១២ នៅក្នុងតំបន់យោធាភាគ ខាងលិចនៅចុងឆ្នាំនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា