ព័ត៌មានអន្តរជាតិ

Update: អង្គរក្ស២នាក់ របស់លោក Joe Biden ត្រូវបញ្ជូនទៅអាមេរិក ក្រោយមានជម្លោះវាយគ្នា ជាមួយអ្នកបើកតាក់ស៊ី នៅក្រុងសេអ៊ូល

បរទេស៖ ភ្នាក់ងារសម្ងាត់អាមេរិក២នាក់ ដែលមានភារកិច្ចជួយរៀបចំ សម្រាប់ដំណើរទស្សនកិច្ច របស់ប្រធានាធិបតី Joe Biden ទៅកាន់ប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ជូនត្រឡប់ ទៅអាមេរិកវិញ មុនពេលដែលអគ្គមេបញ្ជាការ បានទៅដល់ បន្ទាប់ពីមានការចោទប្រកាន់ថា ពួកគេជាប់ពាក់ព័ន្ធ ក្នុងជម្លោះវាយតប់គ្នា ពេលស្រវឹង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ភ្នាក់ងារទាំងពីរត្រូវបានគេរាយការណ៍ថា បានដើរលេងបារក្នុងទីក្រុងសេអ៊ូល នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ នៅពេលនោះ ម្នាក់ក្នុងចំណោមពួកគេ២នាក់នោះ ត្រូវបានគេចោទប្រកាន់ថា បានបំពានលើអ្នកបើកតាក់ស៊ីនៅខាងក្រៅសណ្ឋាគារ Grand Hyatt ជាកន្លែងដែលលោក Biden ស្នាក់នៅ។ ប៉ូលីសកូរ៉េខាងត្បូងបានប្រាប់ Reuters ថា ភ្នាក់ងារម្នាក់ក្នុងចំណោមភ្នាក់ងារត្រូវបានចាប់ខ្លួន ប៉ុន្តែមន្ត្រីអាមេរិកដែលមិនបញ្ចេញអត្តសញ្ញាណម្នាក់បាននិយាយថា គាត់គ្រាន់តែ ត្រូវបាន “ស៊ើបអង្កេត” ប៉ុណ្ណោះ។

អ្នកនាំពាក្យទីភ្នាក់ងារលោក Anthony Guglielmi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភ្នាក់ងារសេវាសម្ងាត់ដឹងពីឧប្បត្តិហេតុក្រៅកាតព្វកិច្ចដែលពាក់ព័ន្ធនឹងបុគ្គលិកពីរនាក់ ដែលអាចបង្កើតជាការបំពាន គោលនយោបាយ ដែលអាចកើតមាន” ។ “បុគ្គលទាំង២រូបនោះ នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់ មុខតំណែងវិញភ្លាមៗ ហើយត្រូវបានគេផ្អាក ពីការងារបណ្តោះអាសន្ន ផងដែរ ។ យ៉ាងណាក៏ដោយ មិនមានផលប៉ះពាល់ ដល់ការធ្វើដំណើរ របស់លោក Joe Biden នោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top