ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា អាមេរិកកំពុងរៀបចំផែនការ កម្ទេចនាវាចម្បាំងរបស់រុស្ស៊ី នៅសមុទ្រខ្មៅ

បរទេស៖ ទីប្រឹក្សាកំពូលអ៊ុយក្រែន ម្នាក់ បានអះអាងថា សហរដ្ឋអាមេរិក កំពុងរៀបចំផែនការ ដើម្បីពន្លិចនាវាចម្បាំងរុស្ស៊ី និង “បំផ្លាញ” កងនាវាចរសមុទ្រខ្មៅ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការផ្តល់ កាំជ្រួចប្រឆាំងនាវា កម្រិតខ្ពស់ ដល់យោធាអ៊ុយក្រែន ប៉ុន្តែយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណ បានបដិសេធការចោទប្រកាន់ នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ទីប្រឹក្សាក្រសួងកិច្ចការផ្ទៃក្នុងអ៊ុយក្រែនលោក Anton Gerashchenko បានធ្វើសេចក្តីថ្លែងការណ៍ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ការពិភាក្សាកំពុងដំណើរការទាក់ទង នឹងរបៀបដែលសហរដ្ឋអាមេរិក អាចជួយបំបែកការបិទច្រក ពីសំណាក់រុស្ស៊ី នៅសមុទ្រខ្មៅ។

មន្រ្តីអ៊ុយក្រែនរូបនេះ បានសរសេរថា “សហរដ្ឋអាមេរិកកំពុងរៀបចំផែនការសម្រាប់ការបំផ្លាញកងនាវាចររុស្ស៊ីនៅសមុទ្រខ្មៅ” ។ “ការងារប្រកបដោយប្រសិទ្ធភាពរបស់អ៊ុយក្រែនលើនាវាចម្បាំង [រុស្ស៊ី] បានបញ្ចុះបញ្ចូល [សហរដ្ឋអាមេរិក] ឱ្យរៀបចំផែនការដើម្បីបំបែកច្រកដែលបិទនោះ។ ការដឹកជញ្ជូនអាវុធប្រឆាំងនាវាដ៏មានឥទ្ធិពល (Harpoon និង Naval Strike Missile ដែលមានចម្ងាយពី 250-300km) កំពុងត្រូវបានពិភាក្សា៕

ប្រែសម្រួលៈ ណៃ តុលា

To Top