ព័ត៌មានអន្តរជាតិ

មន្រ្តី៖ អាមេរិក មិនបានពិចារណា ដើម្បីបន្ថែមកូរ៉េខាងត្បូង ចូលទៅក្នុង វេទិកាសន្តិសុខ Quad ដើម្បីទប់ទល់នឹងចិននោះទេ

សេអ៊ូល៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិកមិនពិចារណាបន្ថែមប្រទេសកូរ៉េខាងត្បូង ទៅក្នុងវេទិកាសន្តិសុខ Quad ដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានគេមើលឃើញថា ជាដៃគូដើម្បីទប់ទល់នឹងប្រទេសចិននោះទេ

យោងតាមសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីអាមេរិករូបនេះបានធ្វើការកត់សម្គាល់បែបនេះ ខណៈពេលដែលអមដំណើរ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ក្នុងទីក្រុងសេអ៊ូល ហើយដែលនឹងបន្ត ដោយដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសន្ទនាសន្តិសុខ Quadrilateral (Quad) ដែលគ្រោងធ្វើនៅថ្ងៃអង្គារ។ 

វេទិកាសន្តិសុខ Quad រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន។ លោក Biden បានជួបពិភាក្សា ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol កាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេលដែលពួកគេ បានបង្ហាញពីចក្ខុវិស័យរួមគ្នាសម្រាប់ “សម្ព័ន្ធភាពយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាសកល” រវាងភាគីទាំងពីរ។

សារព័ត៌មាន Reuters បានស្រង់សម្តីមន្ត្រីដដែលបាននិយាយថា «បច្ចុប្បន្នមិនស្ថិតក្រោមការពិចារណា ដើម្បីបន្ថែមកូរ៉េខាងត្បូងទៅក្នុង Quad នោះទេ»។

សុន្ទរកថារបស់គាត់បានបង្ហាញថា នៅពេលនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនបានស្វែងរកការពង្រីកវេទិកាសន្ទនាទៅក្នុង “Quad plus” ដើម្បីរួមបញ្ចូលសមាជិកបន្ថែម ដូចជាកូរ៉េខាងត្បូងនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top