ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ពិតជាយកចិត្ដទុកដាក់ខ្លាំង អំពីការឈានដល់កិច្ចព្រមព្រៀង នៅទីក្រុងវីយែន

តេអេរ៉ង់៖ គេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ពិតជាយកចិត្តទុកដាក់ ក្នុងការឈានដល់កិច្ចព្រមព្រៀងដ៏រឹងមាំ និងយូរអង្វែងនៅក្នុងកិច្ចចរចា នៅទីក្រុងវីយែន ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដោយកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់ មានសុច្ឆន្ទៈ និងទាមទារការប្តេជ្ញាចិត្តចំពោះទីបញ្ចប់នេះ។

លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការ សន្ទនាតាមទូរស័ព្ទកាលពីយប់ថ្ងៃសុក្រ ជាមួយប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់។

ការអត្ថាធិប្បាយលើដំណើរទស្សនកិច្ច មុននេះទៅកាន់ទីក្រុងតេអេរ៉ង់ របស់ជំនួយការលោក Borrell គឺលោក Enrique Mora រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានលើកឡើងថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ គំនិតផ្តួចផ្តើមមួយចំនួនត្រូវបាន ពិភាក្សារវាងភាគីទាំងពីរ។

លោក Amir-Abdollahian ក៏បានសរសើរកិច្ចខិតខំប្រឹងប្រែង ស្ថាបនាដោយលោក Borrell និងលោក Mora ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយលើកឡើងពីគំនិតផ្តួចផ្តើម ដែលបានស្នើឡើងរបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលដំណើរការ ការទូតនៅទីក្រុងវីយែន លោក Borrell បានលើកឡើងថា “បច្ចុប្បន្នយើងកំពុងនៅលើផ្លូវថ្មី នៃការបន្តការចរចា និងផ្តោតលើដំណោះស្រាយ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top