បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា តុលាការនៃប្រទេសអ៊ុយក្រែន បានសម្រេចកាត់ទោស មេបញ្ជាការកងរថក្រោះម្នាក់ របស់រុស្សី ឲ្យជាប់ទោសមួយជីវិត បន្ទាប់ពីបានសារភាព ថា បានសម្លាប់ពលរដ្ឋស៊ីវិលអ៊ុយក្រែនម្នាក់ ដែលមិនមានអាវុធក្នុងដៃ អំឡុងពេល នៃប្រតិបត្តិការពិសេសយោធា ។
មេបញ្ជាការកងរថក្រោះរុស្សី វ័យទើបតែ២១ឆ្នាំ ដែលមានឈ្មោះថា Vadim Shishimarin ត្រូវបានតុលាការចោទប្រកាន់ ទៅលើបទឧក្រិដ្ឋសង្គ្រាម ក្រោយសម្លាប់បុរសជនជាតិ អ៊ុយក្រែន Oleksandr Shelipov ដែលមានវ័យ៦២ឆ្នាំ ស្ថិតនៅភូមិ Chupakhivka កាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងមក។
Vadim បានសារភាពអំពីទោសកំហុសនេះ ប៉ុន្តែបានបញ្ជាក់ថា គាត់ធ្វើតែតាមបញ្ជាថ្នាក់លើនិង ក៏បានសុំការអភ័យទោស ពីសំណាក់ស្ត្រីជាប្រពន្ធ របស់ជន ដែលបានបាត់បង់ជីវិត នោះផងដែរ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះករណី នៃទោសឧក្រិដ្ឋសង្គ្រាមជាច្រើន កំពុងបន្តធ្វើឡើង និងស៊ើបអង្កេតនៅក្នុងប្រទេសអ៊ុយក្រែន ដោយតុលាការ អ៊ុយក្រែន នៅឡើយហើយជឿជាក់ថា នឹងមានការប្រកាស លទ្ធផលជាបន្តបន្ទាប់ នាពេលខាងមុខ ៕
ប្រែសម្រួល៖ស៊ុនលី