ព័ត៌មានអន្តរជាតិ

រដ្ឋជាសមាជិកអឺរ៉ុប ចាំបាច់ត្រូវធ្វើការ សម្រេចចិត្ដបន្ទាន់ ស្តីពីការហាមឃាត់ប្រេង លើប្រទេសរុស្ស៊ី

ព្រុចសែល៖ លោក Valdis Dombrovskis អនុប្រធានប្រតិបត្តិ នៃគណៈកម្មាធិការអឺរ៉ុប ទទួលបន្ទុកសេដ្ឋកិច្ច បានឲ្យដឹងថា បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវធ្វើការសម្រេចចិត្ត លើការដាក់ទណ្ឌកម្ម សក្តានុពលលើប្រេង រុស្ស៊ីជាបន្ទាន់។

លោកបានលើកឡើងថា “វាជារឿងសំខាន់ដែលការសម្រេចចិត្ត ទាំងនោះត្រូវធ្វើឡើង ដោយមិនបង្អង់យូរ បើមិនដូច្នេះទេ យើងស្ថិតក្នុងស្ថានភាពចម្លែកមួយ ដែលយើងកំពុងពិភាក្សា អំពីការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំ ដល់អ៊ុយក្រែន នៅលើដៃម្ខាង ហើយបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់សង្គ្រាមរុស្ស៊ីនៅលើដៃម្ខាងទៀត។ វាត្រូវតែបញ្ឈប់” ។

លោក Dombrovskis បានពន្យល់ថាប្រហែល ៦២ភាគរយ នៃការនាំចូលរបស់រុស្ស៊ី ទៅកាន់សហភាពអឺរ៉ុប គឺជាអ៊ីដ្រូកាបូនក្នុងឆ្នាំ២០២១ ។ លោកបាននិយាយបន្ទាប់ ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និង សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបថា “នៅពេលដែលយើងកំពុង និយាយអំពីឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី យើងពិតជាកំពុងនិយាយ អំពីប្រភពហិរញ្ញវត្ថុនៃសង្គ្រាមរបស់រុស្ស៊ី” ។

ផ្ទាំងពាណិជ្ជកម្ម

គណៈកម្មការអឺរ៉ុប បាននាំយកសំណើដាក់ ទណ្ឌកម្មលើប្រេងរុស្ស៊ី នៅដើមខែឧសភា ដែលជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មទី៦ ប្រឆាំងនឹងរុស្ស៊ីក្នុងបរិបទនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ទោះយ៉ាងណាក៏ដោយ រដ្ឋជាសមាជិកសហភាពអឺរ៉ុប បានបរាជ័យក្នុងការឈាន ដល់ការឯកភាពគ្នា លើបញ្ហា នេះ ។ ហុងគ្រី ដែលជាប្រទេសគ្មានព្រំដែនគោក ពឹងផ្អែកខ្លាំងលើការនាំចូលប្រេងពីរុស្ស៊ី ត្រូវបានជំទាស់ នឹងសំណើនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top