បរទេស៖ អ្នកនាំពាក្យយោធាបាននិយាយនៅថ្ងៃពុធថា ប្រទេសចិនបានធ្វើសមយុទ្ធយោធា ជាបន្តបន្ទាប់ នៅជិតកោះតៃវ៉ាន់ គឺដើម្បីបង្ហាញដល់សហរដ្ឋអាមេរិក នូវការប្តេជ្ញាចិត្តរបស់ខ្លួនទាក់ទង នឹងកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ។
យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី25 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា បញ្ជាការ Theater ភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធត្រៀមប្រយុទ្ធ និងប្រតិបត្តិការហ្វឹកហ្វឺន ផ្សេងទៀត នៅ ក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់។ នេះបើតាមការលើកឡើងរបស់ លោកវរសេនីយ៍ឯក Shi Yi អ្នកនាំពាក្យបញ្ជាការយោធា។
លោកបាននិយាយថា សមយុទ្ធនេះគឺជា “ការព្រមានដ៏ឧឡារិក” សំដៅទៅកាន់សហរដ្ឋអាមេរិក ទាក់ទងនឹង បញ្ហាឯករាជ្យភាព ដែលបានស្នើឡើងរបស់កោះតៃវ៉ាន់។
មន្ត្រីរូបនោះបានបន្ថែមថា កងទ័ពចិន “បានប្តេជ្ញាចិត្ត និងមានសមត្ថភាពរារាំងរាល់ការជ្រៀតជ្រែក ពីកម្លាំង ខាងក្រៅ និងការប៉ុនប៉ងបំបែកខ្លួន” នៅក្នុងកោះតៃវ៉ាន់។
កោះនេះគឺជាបន្ទាយចុងក្រោយរបស់កងកម្លាំង ជាតិនិយមក្នុងកំឡុងសង្គ្រាមស៊ីវិលចិន ហើយមានរដ្ឋាភិបាល ផ្ទាល់ខ្លួនដែលមិនឆ្លើយតបចំពោះទីក្រុងប៉េកាំងតាំងពីពេលនោះមក។ រដ្ឋាភិបាល ចិន ចាត់ ទុក កោះតៃវ៉ាន់ ថា ស្ថិត នៅ ក្រោម អធិបតេយ្យភាព របស់ ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									