ប៊ែរឡាំង៖ ក្រុមប្រទេសអភិវឌ្ឍន៍ធំៗចំនួន៧ (G7) បានចាប់ផ្តើមកិច្ចប្រជុំរយៈពេល ២ថ្ងៃនៃរដ្ឋមន្ត្រីបរិស្ថាន នៅថ្ងៃព្រហស្បតិ៍នៅទីក្រុងប៊ែរឡាំង ដោយមានការយកចិត្តទុកដាក់បំផុតថា តើពួកគេអាចកំណត់ពេលវេលា ជាក់លាក់មួយ ដើម្បីបញ្ចប់ថាមពល ដែលប្រើដោយធ្យូងថ្ម។
ប្រទេសអាល្លឺម៉ង់ ដែលធ្វើជាប្រធាននៃកិច្ចប្រជុំ G-7 នៅឆ្នាំនេះ បានស្នើឱ្យរដ្ឋមន្ត្រីកំណត់គោលដៅ នៃការបញ្ឈប់ការផលិតថាមពលធ្យូងថ្ម នៅឆ្នាំ២០៣០ នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយកិច្ចប្រជុំ ហើយបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត និងកាណាដា បានគាំទ្រគំនិតនេះ ។
ប៉ុន្តែរដ្ឋាភិបាលជប៉ុន នៅតែប្រឆាំងនឹងការប្តេជ្ញាចិត្ត ក្នុងរយៈពេលជាក់លាក់មួយ ខណៈសហរដ្ឋអាមេរិក បានសម្រុះសម្រួល ក្នុងគោលបំណងសម្រេចគោលដៅ “ក្នុងទសវត្សរ៍ ឆ្នាំ២០៣០” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
មន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់ បាននិយាយថា “មានតែប្រទេសជប៉ុនទេ ដែលនិយាយថា គោលដៅបែបនេះ គួរត្រូវបានលុបចោលហើយ នៅដាច់ឆ្ងាយបន្តិច ។
នៅតែមានភាពមិនប្រាកដប្រជា ខណៈដែលរុស្ស៊ី ដែលជាអ្នកនាំចេញឥន្ធនៈហ្វូស៊ីល ដ៏សំខាន់មួយ បានបើកការលុកលុយរបស់ខ្លួន លើអ៊ុយក្រែនកាលពីជាង ៣ខែមុន។
ប្រទេស G-7 រួមទាំងអង់គ្លេស បារាំង និងអ៊ីតាលី បានដាក់ទណ្ឌកម្មលើរុស្ស៊ី តាំងពីពេលនោះមក ហើយបានយល់ព្រមកាត់បន្ថយ ការពឹងផ្អែកលើការនាំចូល ថាមពលពីរុស្ស៊ី។
ទណ្ឌកម្មនេះ អាចបង្អាក់កិច្ចខិតខំប្រឹងប្រែង កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ខណៈដែលក្រុមហ៊ុននាំចូលថាមពលមួយចំនួន អាចត្រូវការដុតធ្យូងថ្មបន្ថែមទៀត៕ ប្រែសម្រួល ឈូក បូរ៉ា