បរទេស៖ តុលាការរុស្ស៊ី បានបញ្ជាក់ពីការបណ្តេញឆ្មាំជាតិ ចំនួន ១១៥ នាក់ ដែលជំទាស់នឹងការបណ្តេញចេញនេះ បន្ទាប់ពីពួកគេបដិសេធ មិនចូលរួមក្នុងប្រតិបត្តិការយោធា របស់ក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន។ ករណីនេះហាក់ដូចជា ការបញ្ជាក់ជាផ្លូវការលើកដំបូង នៃទាហានដែលបដិសេធ មិនចូលរួមក្នុងយុទ្ធនាការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន ដែលត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី 24 ខែកុម្ភៈ។
យោងតាមគេហទំព័រ Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការយោធានៅសាធារណរដ្ឋ Kabardino-Balkaria ភាគខាងត្បូងនៃប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានពិនិត្យមើល “ឯកសារចាំបាច់” ហើយបានសាកសួរមន្ត្រីនៃឆ្មាំជាតិ ដែលជាកម្លាំងសន្តិសុខក្នុងស្រុក ដាច់ដោយឡែកពីកងទ័ពរុស្ស៊ី។
តុលាការបានសន្និដ្ឋានថា ចុងចោទ “បានបដិសេធក្នុងការបំពេញការងារជាផ្លូវការ” ហើយតុលាការក៏បានបដិសេធ បណ្តឹងឧទ្ធរណ៍របស់ពួកគេផងដែរ។ សវនាការនេះត្រូវបានធ្វើឡើង ដោយបិទទ្វារដើម្បីចៀសវាង ការលាតត្រដាង “អាថ៌កំបាំងយោធា”។
ដោយលើកឡើងពីសេវាសារព័ត៌មាន របស់តុលាការ ទីភ្នាក់ងារសារព័ត៌មាន Interfax បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទាហានទាំងនោះបានបដិសេធ មិនបំពេញភារកិច្ចដែលទាក់ទងនឹង “ប្រតិបត្តិការពិសេស” របស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា