ដាម៉ាស់៖ រដ្ឋាភិបាលស៊ីរីកាលពីថ្ងៃចន្ទបានអះអាងជាថ្មីពីការបដិសេធរបស់ខ្លួន ចំពោះវិធានការរបស់តួកគីដើម្បីបង្កើតតំបន់សុវត្ថិភាពព្រំដែននៅភាគខាងជើងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងការបរទេសស៊ីរី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ុនប៉ងរបស់តួកគី ដើម្បីបង្កើតតំបន់ការពារនៅតាមព្រំដែនស៊ីរី គឺជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម។
ក្រសួងបានបន្ថែមថា ប្រតិបត្តិការយោធាតួកគីចុងក្រោយបង្អស់នៅភាគខាងជើងប្រទេសស៊ីរី ដែលបាននិងកំពុងបន្តរយៈពេលពីរបីថ្ងៃ បានរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
កាលពីថ្ងៃទី២៣ ឧសភា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសរបស់លោកនឹងចាប់ផ្តើមប្រតិបត្តិការយោធាថ្មីមួយនៅភាគខាងជើងប្រទេសស៊ីរី ក្នុងពេលឆាប់ៗនេះក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីភ្ជាប់តំបន់ពីរដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់តួកគីនៅក្នុងតំបន់៕ប្រែសម្រួល ឈូក បូរ៉ា