ព័ត៌មានអន្តរជាតិ

សភាអ៊ុយក្រែន ដកស្នងការសិទ្ធិមនុស្ស ចេញពីតំណែង ដោយសារមិនបញ្ជាក់ ពីអំពើឃោរឃៅរបស់ទាហានរុស្ស៊ី នៅអ៊ុយក្រែន

បរទេស៖ សមាជិកសភាអ៊ុយក្រែន បានបោះឆ្នោតកាលពីថ្ងៃអង្គារ ដើម្បីដកស្នងការសិទ្ធិមនុស្ស របស់ប្រទេសនេះ គឺលោកស្រី Lyudmila Denisova ចេញពីតំណែង។ មន្ត្រីរូបនេះត្រូវបានគេចោទប្រកាន់ ពីបទខកខានក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងជាពិសេសការផ្សព្វផ្សាយព័ត៌មាន ដែលមិនបានបញ្ជាក់អំពីអំពើឃោរឃៅ ដែលសន្មត់ថា ប្រព្រឹត្តដោយទាហានរុស្ស៊ី នៅអ៊ុយក្រែន។ សកម្មភាពបែបនេះគ្រាន់តែ ធ្វើឱ្យខូចមុខមាត់អ៊ុយក្រែនប៉ុណ្ណោះ សមាជិកសភា បានអះអាងបែបនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Yaroslav Zheleznyak សមាជិកនៃក្រុម Golos (“សំឡេង”) នៅក្នុងសភាអ៊ុយក្រែនបាននិយាយថា ដំណោះស្រាយដកសេចក្តីទុកចិត្ត ត្រូវបានគាំទ្រដោយសមាជិកសភា 234 (52%) ក្នុងចំណោមសមាជិកសភា 450 នាក់នៅ Verkhovnaya Rada ។ លោកស្រី Denisova ធ្លាប់ត្រូវបានរិះគន់ ទាំងសមាជិកសភា និងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ជុំវិញការខកខាន ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ជាពិសេសចំពេល មានជម្លោះនៅក្នុងប្រទេស។

សមាជិកសភាអ៊ុយក្រែន លោក Pavel Frolov បានសរសេរនៅក្នុងសារបង្ហោះហ្វេសប៊ុក មុនការបោះឆ្នោតកាលពីថ្ងៃអង្គារថា ស្នងការសិទ្ធិមនុស្សស្ទើរតែមិនបានបង្ហាញ “សកម្មភាពសិទ្ធិមនុស្ស” ទាល់តែសោះ ដោយលោកបានបន្ថែមថា ភារកិច្ចរបស់លោកស្រី Denisova នៅទីបំផុតបានធ្លាក់ ទៅលើឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Irina Vereshchuk ៕ ប្រែសម្រួលៈ ណៃ តុលា

To Top