ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បញ្ជាក់ថា ខ្លួនលែងផ្គត់ផ្គង់ឧស្ម័ន ដល់ក្រុមហ៊ុនយក្ស របស់ដាណឺម៉ាក និងបញ្ឈប់ដឹកជញ្ជូនទៅអាល្លឺម៉ង់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom បានលើកឡើងកាលពីថ្ងៃអង្គារថា ខ្លួននឹងលែងផ្គត់ផ្គង់ឧស្ម័ន ដល់ក្រុមហ៊ុនថាមពលដ៏ធំបំផុត របស់ដាណឺម៉ាក Orsted ហើយនឹងបញ្ឈប់ការដឹកជញ្ជូន ទៅកាន់ប្រទេសអាល្លឺម៉ង់ ក្រោមកិច្ចសន្យា Shell Energy Europe ។

ក្រុមហ៊ុន Orsted បានជូនដំណឹងដល់ក្រុមហ៊ុន Gazprom Export ថា ខ្លួននឹងមិនបង់ប្រាក់សម្រាប់ឧស្ម័ន ជាប្រាក់រូបទៀតទេ ហើយក្រុមហ៊ុន Shell Energy Europe Limited បានឲ្យដឹងថា ខ្លួននឹងមិនបង់ប្រាក់ជាប្រាក់រូពី សម្រាប់ការផ្គត់ផ្គង់ឧស្ម័ន ទៅឲ្យប្រទេសអាល្លឺម៉ង់ឡើយ នេះបើតាម Gazprom បានឲ្យដឹងនៅលើបណ្តាញ Telegram ។

ការកាត់បន្ថយនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃពុធនេះតទៅ ។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើច្បាប់មួយ កាលពីថ្ងៃទី៣១ ខែមីនា ស្តីពីច្បាប់ថ្មីទាក់ទងនឹងពាណិជ្ជកម្ម ឧស្ម័នធម្មជាតិជាមួយប្រទេស និងតំបន់ “មិនមែនជាមិត្ត”។ បើយោងតាមក្រឹត្យនេះ កិច្ចសន្យាដែលមានស្រាប់នឹងត្រូវបញ្ឈប់ ប្រសិនបើអ្នកទិញទាំងនេះបដិសេធ មិនបង់ប្រាក់ជាប្រាក់រូលទេនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top