ព័ត៌មានអន្តរជាតិ

តួកគី អាចនឹងប្រើសិទ្ធវេតូ ក្នុងការផ្អាក ឬលុបចោល សមយុទ្ធយោធារបស់អង្គការណាតូ នៅសមុទ្រខ្មៅ

បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយថា សមយុទ្ធយោធារបស់អង្គការណាតូ ដែលគ្រោងធ្វើសម្រាប់សមុទ្រខ្មៅ ត្រូវបានពន្យារពេល ឬលុបចោលទាំងស្រុង ដោយលើកឡើងពីអនុសញ្ញាដែលមានអាយុកាលរាប់ទសវត្សរ៍ ដែលផ្តល់អំណាចវេតូដល់ទីក្រុងអង់ការ៉ា លើការដាក់ពង្រាយកងទ័ពជើងទឹកនៅក្នុងតំបន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ Anadolu ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសតួកគីបានពន្យល់ពីការស្ទាក់ស្ទើររបស់ប្រទេសតួកគីក្នុងការរួមដំណើរជាមួយយុទ្ធនាការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែន ដោយបញ្ជាក់ថា ប្រទេសរបស់លោកកំពុងស្វែងរកការជៀសវាងភាពតានតឹងកាន់តែខ្លាំងឡើង ខណៈដែលប្រទេសនេះព្យាយាមឈ្មួញកណ្តាលការចរចាបញ្ចប់ជម្លោះ។

«ប្រសិនបើយើងបានចូលរួមក្នុងការដាក់ទណ្ឌកម្ម យើងនឹងមិនអាចបំពេញតួនាទីសម្រុះសម្រួលដែលយើងមាននៅពេលនេះបានទេ។ យើងបានអនុវត្តអនុសញ្ញា Montreux ចំពោះនាវាចម្បាំង ប៉ុន្តែដែនអាកាស ច្រករបៀងនោះ យើងត្រូវរក្សាវាឱ្យបើកចំហ” ដោយលោកសំដៅលើកិច្ចព្រមព្រៀងឆ្នាំ 1936 ដែលផ្តល់សិទ្ធិឱ្យតួកគីគ្រប់គ្រងចរាចរណ៍ផ្លូវសមុទ្រឆ្លងកាត់សមុទ្រខ្មៅ។

សូមជម្រាបថា ប្រទេសទួរគីបានប្រើប្រាស់អនុសញ្ញា Montreux ដើម្បីបដិសេធនាវាចម្បាំងរុស្ស៊ីមួយចំនួនចូលទៅកាន់សមុទ្រខ្មៅតាមរយៈច្រកសមុទ្រ Bosporus ចាប់តាំងពីជម្លោះក្នុងប្រទេសអ៊ុយក្រែនបានចាប់ផ្តើមក្នុងខែកុម្ភៈ ទោះបីជាបានធ្វើការលើកលែងសម្រាប់នាវាត្រឡប់ទៅកំពង់ផែផ្ទះរបស់ពួកគេ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងក៏ដោយ៕ប្រែសម្រួលៈ ណៃ តុលា

To Top