បរទេស៖ ប្រទេសអាល្លឺម៉ង់គ្រោងនឹងចំណាយ 100 ពាន់លានអឺរ៉ូ (107 ពាន់លានដុល្លារ) ដើម្បីបង្កើនកម្លាំងយោធារបស់ខ្លួន។ ទស្សនាវដ្ដី Der Spiegel បានផ្សាយថា ខ្លួនបានទទួលផែនការចំណាយ ហើយបានរាយការណ៍ កាលពីថ្ងៃអង្គារថា ថវិកាភាគច្រើន នឹងឆ្ពោះទៅរកការពង្រឹង កម្លាំងទ័ពអាកាសរបស់ប្រទេស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានស្នើឱ្យមានការចំណាយក្នុងខែកុម្ភៈ ប៉ុន្តែវាត្រូវចំណាយពេលច្រើនខែ ដើម្បីយល់ព្រមលើសេចក្តីលម្អិត របស់សមាជិកសភាអាល្លឺម៉ង់។ សភាត្រូវបានគេរំពឹងថា នឹងបោះឆ្នោតលើមូលនិធិពិសេសនៅថ្ងៃសុក្រ។
យោងតាមទស្សនាវដ្តី Der Spiegel គឺ កងទ័ពអាកាសអាល្លឺម៉ង់ នឹងទទួលបានផ្នែកដ៏ធំបំផុត នៃកញ្ចប់វិនិយោគ ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ទឹកប្រាក់សរុបចំនួន 40,9 ពាន់លានអឺរ៉ូ (44 ពាន់លានដុល្លារ) នឹងទៅកាន់សាខាកងទ័ពអាកាស។ ប្រាក់នេះនឹងត្រូវចំណាយលើយន្តហោះ Eurofighter ថ្មី ឧទ្ធម្ភាគចក្រដឹកជញ្ជូន និងការជំនួសកងនាវាចាស់នៃយន្តហោះ Tornado multirole ។ ការជំនួសមួយចំនួន នឹងក្លាយជាយន្តហោះចម្បាំង F35s ដែលផលិតដោយសហរដ្ឋអាមេរិក។ អាល្លឺម៉ង់ក៏ចង់ធ្វើទំនើបកម្ម ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន និងអភិវឌ្ឍ TWISTER ដែលជាប្រព័ន្ធការពារប្រឆាំងមីស៊ីល ដែលមានមូលដ្ឋានលើលំហ របស់សហភាពអឺរ៉ុបផងដែរ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ការវិនិយោគធំទីពីរ នឹងក្លាយជាឌីជីថលនៃប្រព័ន្ធបញ្ជា និងការគ្រប់គ្រង។ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ចំនួន 20,7 ពាន់លានអឺរ៉ូ (22 ពាន់លានដុល្លារ) នឹងឆ្ពោះទៅរកធាតុផ្សេងទៀត រួមទាំងវិទ្យុឌីជីថលថ្មី សម្រាប់កងទ័ព និងផ្កាយរណបទំនាក់ទំនងថ្មី៕ ប្រែសម្រួលៈ ណៃ តុលា