ព័ត៌មានអន្តរជាតិ

ចិន ផ្ទុះកំហឹងជាមួយអាមេរិក និងសម្ព័ន្ធមិត្ត

បរទេស៖ ប្រទេសចិន បានថ្កោលទោសការអត្ថាធិប្បាយថ្មីៗ របស់ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern ទាក់ទងនឹងការកើនឡើងសកម្មភាព របស់រដ្ឋាភិបាលទីក្រុងប៉េកាំង នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដោយបានហៅការអត្ថាធិប្បាយនោះថា ជាការជ្រៀតជ្រែកទាំងស្រុង នៅក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Biden និង លោកស្រី Ardern បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ក្នុងទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលពួកគេ បានចេញសេចក្តីថ្លែងការណ៍រួម ដែលបង្ហាញពីការព្រួយបារម្ភរួមគ្នា លើកិច្ចព្រមព្រៀងសន្តិសុខ នាពេលថ្មីៗនេះរបស់ទីក្រុងប៉េកាំង ជាមួយកោះ Solomon ។

សេចក្តីថ្លែងការណ៍ ពីសេតវិមានបានអានថា “ការបង្កើតវត្តមានយោធាជាប់លាប់ នៅក្នុងប៉ាស៊ីហ្វិកដោយរដ្ឋ ដែលមិនចែករំលែកតម្លៃ ឬផលប្រយោជន៍សន្តិសុខ របស់យើង នឹងផ្លាស់ប្តូរជាមូលដ្ឋាន នូវតុល្យភាពយុទ្ធសាស្ត្រ នៃតំបន់ និងបង្កជាកង្វល់សន្តិសុខជាតិ ដល់ប្រទេសរបស់យើងទាំងពីរ”។

ក្រសួងការបរទេសចិនបានចេញមុខរិះគន់ ចំពោះសេចក្តីថ្លែងការណ៍ទាំងនេះ ដោយទទូចថា ពួកគេបានបង្ខូចកេរ្តិ៍ឈ្មោះចិន និងជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃក្នុង របស់ទីក្រុងប៉េកាំង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា “យើងបានកត់សម្គាល់ នូវសេចក្តីថ្លែងការណ៍រួមដែលពាក់ព័ន្ធ ដែលបំភ្លៃការពិត និងបង្កាច់បង្ខូចកិច្ចសហប្រតិបត្តិការជាប្រចាំរបស់ចិនជាមួយបណ្តាប្រទេសអូសេអានី” ដោយបន្ថែមថា “នេះគឺជាការជ្រៀតជ្រែកទាំងស្រុង នៅក្នុងកិច្ចការផ្ទៃក្នុង នៃសាធារណរដ្ឋប្រជាមានិត របស់ចិន ដែលយើងតវ៉ាយ៉ាងខ្លាំង»។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងរបស់ចិន ជាមួយប្រជុំកោះ Solomon នឹងមានឥទ្ធិពលវិជ្ជមាន ទៅលើការអភិវឌ្ឍន៍ ដោយសន្តិភាពនៃអូសេអានី ហើយថា កិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ មិនមានគោលបំណងប្រឆាំង នឹងប្រទេសណាមួយឡើយ។ លោក Zhao បានទទូចទៀតថា “យើងមិនមានបំណង សាងសង់មូលដ្ឋានយោធា នៅទីនោះទេ”៕ ប្រែសម្រួលៈ ណៃ តុលា

To Top