ព័ត៌មានអន្តរជាតិ

អាមេរិក៖ បាញ់ប្រហារស្លាប់៣នាក់ នៅបរិវេណមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋ Oklahoma

បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN កាលពីយប់ថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថាមនុស្យ៉ាងហោចណាស់ ៣នាក់ ត្រូវបាត់បង់ជីវិត នៅក្នុងហេតុការណ៍ បាញ់ប្រហារថ្មីមួយទៀត ដែលកើតឡើង នៅក្នុងមន្ទីរពេទ្យ ក្នុងទីក្រុងTulsa រដ្ឋ Oklahoma សហរដ្ឋអាមេរិក ខណៈដែលខ្មាន់កាំភ្លើង ក៏ត្រូវបានបាញ់សម្លាប់ ផងដែរ។

អជ្ញាធរបានទទួល ទូរស័ព្ទអំពីដំណឹងថា មានខ្មាន់កាំភ្លើងម្នាក់ បំពាក់ជាមួយនឹងកាំភ្លើង បានដើរចូលទៅក្នុងអគារ Natalie Medical ដែលស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យ St. Francis ហើយជាលទ្ធផលក្រោយ ការបើកប្រតិបត្តិការ បុរសជាខ្មាន់កាំភ្លើង ត្រូវបានគេបាញ់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលមូលហេតុប្រាកដ នៅមិនទាន់រកឃើញនៅឡើយ។

ទោះបីជាយ៉ាង បានបាញ់សម្លាប់ខ្មាន់កាំភ្លើង ទៅហើយក្តីប៉ុន្តែក្រុមប៉ូលីស នៅតែបន្តការរុករក នៅតាមបន្ទប់អគារផ្សេងៗទៀត នៅក្នុងបរិវេណមន្ទីរពេទ្យដដែល ដើម្បីពិនិត្យឲ្យច្បាស់ថា នឹងមិនមានជនសង្ស័យ ដែលនៅសេសសល់នោះឡើយ ក្នុងហេតុការណ៍ដ៏អាក្រក់នេះ។

រំលឹកដែរថាហេតុការណ៍ បាញ់សម្លាប់នេះ បានកើតឡើងក្រោយ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការហេតុការណ៍វាយប្រហារ ទៅលើសាលារៀនបឋមមួយកន្លែង ដែលបានធ្វើឲ្យគ្រូនិងកូនសិស្ស តូច២២នាក់ បានបាត់បង់ជីវិត៕

ប្រែសម្រួល៖ស៊ុនលី

To Top