ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន អំពាវនាវឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើអ៊ីស្រាអែល

រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ផ្លាស់ប្តូរពីការថ្កោលទោស ទៅជាការដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ក្រោមការឈ្លានពាន “ប្រចាំថ្ងៃ” ប្រឆាំងនឹងប៉ាឡេស្ទីន។

លោក Ishtaye បានធ្វើការកត់សម្គាល់ នៅពេលថ្លែងសុន្ទរកថា នៅការប្រារព្ធពិធីអ៊ឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងរ៉ាម៉ាឡា ភាគខាងលិច ដែលមានការចូលរួមពីតំណាង នៃប្រទេសដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ និងន័រវែស។

លោកបានលើកឡើងថា ការឈ្លានពានប្រចាំថ្ងៃរបស់អ៊ីស្រាអែល “រួមទាំងការផ្លាស់ទីលំនៅ និងការសម្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់វេសបែង និងយេរ៉ូសាឡឹមខាងកើត បង្កើតបានជាគ្រោះមហន្តរាយពិតប្រាកដ” ។

លោក Ishtaye បានចោទប្រកាន់អ៊ីស្រាអែលថា “ធ្វើសកម្មភាពជាប្រព័ន្ធដើម្បីបំផ្លាញ ឱកាសណាមួយដើម្បីបង្កើត រដ្ឋឯករាជ្យប៉ាឡេស្ទីនតាមរយៈ ការរឹបអូសយកដី ដើម្បីគាំទ្រដល់ការពង្រីកការតាំងទីលំនៅ” ។

កិច្ចចរចាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានបញ្ឈប់តាំងពីខែមីនា ឆ្នាំ២០១៤។ ប៉ាឡេស្ទីនចង់បង្កើតរដ្ឋប៉ាឡេស្ទីន ឯករាជ្យមួយដែលមានក្រុងយេរ៉ូសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top