ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បាញ់ទម្លាក់យន្ដហោះដ្រូនរបស់អេហ្ស៊ីប មួយគ្រឿង ដោយចោទថា រំលោភចូលដែនអាកាស របស់ខ្លួន

យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃពុធថា យន្តហោះចម្បាំងអ៊ីស្រាអែលបានបាញ់ទម្លាក់យន្តហោះដ្រូន ដែលបានចូលដែនអាកាសអ៊ីស្រាអែលពីវាលខ្សាច់ Sinai របស់ប្រទេសអេហ្ស៊ីប។

យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះចម្បាំងរបស់កងទ័ពអាកាសអ៊ីស្រាអែល បានស្ទាក់ចាប់ (នៅព្រឹកថ្ងៃច័ន្ទ) UAV (យន្តហោះគ្មានមនុស្សបើក) នៅក្នុងដែនអាកាសពីលើតំបន់ Negev ដែលនៅជាប់នឹងភ្នំ Saggi” ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា យន្តហោះដ្រូន ត្រូវបានកំណត់អត្តសញ្ញាណ និងត្រួតពិនិត្យក្នុងអំឡុងពេលឧបទ្ទវហេតុទាំងមូល រហូតដល់វាត្រូវបានស្ទាក់ចាប់បាន បន្ទាប់ពីឆ្លងកាត់ចូលទៅក្នុងដែនអាកាសអ៊ីស្រាអែល។

ទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍ថា យោងទៅតាមការស៊ើបអង្កេតដំបូង យន្តហោះដ្រូនរបស់អេហ្ស៊ីបមិនមានអាវុធនោះទេ និងបាត់បង់ការគ្រប់គ្រងដោយសារតែដំណើរការខុសប្រក្រតី៕ប្រែសម្រួល ឈូក បូរ៉ា

To Top