ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានជំរុញឱ្យភាគីអាមេរិក គោរពយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចិន តែមួយ និងសេចក្ដីថ្លែង ការណ៍រួមចិន-អាមេរិក ទាំង៣ ដើម្បីបញ្ឈប់រាល់ទម្រង់ នៃការផ្លាស់ប្តូរផ្លូវការ ជាមួយតៃវ៉ាន់។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ កិច្ចប្រជុំនិម្មិតមួយ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ រវាងតំណាងពាណិជ្ជកម្មរងសហរដ្ឋអាមេរិក និងតំណាងតៃវ៉ាន់ ដើម្បីចាប់ផ្តើមនូវអ្វី ដែលគេហៅថា គំនិតផ្តួចផ្តើមអាមេរិក-តៃវ៉ាន់លើពាណិជ្ជកម្មសតវត្សទី២១ ។
អ្នកនាំពាក្យចិនលោក Zhao Lijian បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “ប្រទេសចិន ប្រឆាំងដាច់ខាតនូវរាល់ទម្រង់ នៃការផ្លាស់ប្តូរផ្លូវការ រវាងតៃវ៉ាន់ និងប្រទេស ដែលមានទំនាក់ ទំនងការទូត ជាមួយប្រទេសចិន រួមទាំងការចរចា និងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ដែលមានឥទ្ធិពលអធិបតេយ្យភាព និងលក្ខណៈផ្លូវការ” ។
លោក Zhao បានលើកឡើងថា សហរដ្ឋអាមេរិកបានធ្វើការផ្លាស់ប្តូរជាញឹកញាប់លើសំណួរតៃវ៉ាន់នាពេលថ្មីៗនេះ។ សរុបមក ពួកគេទាំងអស់កំពុងបំពាន គោលការណ៍ចិនតែមួយ ពង្រឹងកងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” និងរំខានដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
លោក បានបន្ថែមថា “មានប្រទេសចិន តែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ប្រទេសចិន។ លោកបន្ថែមទៀតថា រដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាង ឱ្យប្រទេសចិនទាំងមូល ទាំងនេះមិនត្រឹមតែជាការឯកភាពគ្នាប៉ុណ្ណោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា