ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក៏ដូចជាផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច ជាមួយប្រធានសហភាពអាហ្វ្រិក (AU) និងប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall នៅទីក្រុងភាគខាងត្បូង នៃប្រទេសរុស្ស៊ី លោកក Sochi នៅថ្ងៃសុក្រឲ្យដឹងដូច្នេះ ។
វិមានក្រឹមឡាំងបានលើកឡើងថា លោក ពូទីន និងលោក Sall បានដោះស្រាយបញ្ហា កិច្ចសហប្រតិបត្តិការជាច្រើន រួមទាំងសារៈសំខាន់ នៃការពង្រឹងកិច្ចសន្ទនានយោបាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងមនុស្សធម៌ រវាងប្រទេសរុស្ស៊ី និងបណ្តាប្រទេសអាហ្វ្រិក ។
លោក ពូទីន បានថ្លែងថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការអភិវឌ្ឍទំនាក់ទំនងមនុស្សធម៌ជាមួយបណ្តាប្រទេសនៅអាហ្វ្រិក ដោយលើកឡើងពីចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់រុស្ស៊ីចំពោះវប្បធម៌អាហ្វ្រិក ។
ប្រធានាធិបតីរុស្ស៊ីបានបន្តថាថា តាមទស្សនៈនយោបាយ ឥទ្ធិពលរបស់ទ្វីបអាហ្រ្វិក ក្នុងឆាកអន្តរជាតិ មានការរីកចម្រើន ដោយបន្ថែមថា ទីក្រុងម៉ូស្គូបានប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព ដ៏យូរអង្វែង របស់ខ្លួនជាមួយទ្វីបទាំងមូល ។
លោក Sall បានសម្តែងនូវឆន្ទៈក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអាហ្វ្រិក ។
លោក Sall ក៏បានកត់សម្គាល់ពីឥទ្ធិពល នៃទណ្ឌកម្មរបស់លោកខាងលិច មកលើរុស្ស៊ីផងដែរ ដោយបន្ថែមថាប្រទេសអាហ្វ្រិកជាច្រើន បានរងផលប៉ះពាល់ ដោយផ្ទាល់ ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន។
“ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី បានធ្វើឱ្យស្ថានការណ៍នេះកាន់តែធ្ងន់ធ្ងរឡើង ហើយបច្ចុប្បន្នយើងមិនមាន លទ្ធភាពទទួលបានគ្រាប់ធញ្ញជាតិពីរុស្ស៊ីទេ ជាពិសេសស្រូវសាលី… សំខាន់បំផុត យើងមិនមានលទ្ធភាពប្រើប្រាស់ជី… ហើយវាមានផលវិបាកដល់សន្តិសុខស្បៀងនៅទ្វីបអាហ្វ្រិក”។ Sall ត្រូវបានវិមានក្រឹមឡាំងលើកឡើង ៕
ដោយ៖ ម៉ៅ បុប្ផាមករា