បរទេស៖ លោក Mike DeWine អភិបាលរដ្ឋ Ohio របស់សហរដ្ឋអាមេរិក បាននិយាយថា លោកនឹងចុះហត្ថលេខា លើសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យគ្រូបង្រៀន និងមនុស្សពេញវ័យផ្សេងទៀត នៅក្នុងសាលារៀន មានអាវុធ ដរាបណាពួកគេបញ្ចប់ការហ្វឹកហ្វឺន ជាមួយនឹងអាវុធរហូតដល់ 24 ម៉ោង។ សេចក្តីព្រាងច្បាប់ នេះត្រូវបានអនុម័តនៅសប្តាហ៍នេះ ដោយព្រឹទ្ធសភារដ្ឋ Ohio បន្ទាប់ពីមានការបាញ់ប្រហារដ៏សាហាវជាបន្តបន្ទាប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា បច្ចុប្បន្ននេះ ដើម្បីកាន់អាវុធបាន គឺគ្រូបង្រៀនត្រូវតែក្លាយជាមន្ត្រីសន្តិភាព ដោយត្រូវឆ្លងកាត់ ការបណ្តុះបណ្តាល ជាមធ្យមជាង ៧០០ ម៉ោង។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់ ដែលបានអនុម័ត នាពេលថ្មីៗនេះនឹងកាត់បន្ថយ តម្រូវការនោះច្រើនជាង 95%។ នេះបើយោងតាម News 5 Cleveland ។
លោក DeWine បាននិយាយថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរចនាឡើងដើម្បី “ដកចេញកម្មវិធីសិក្សារាប់រយម៉ោង ដែលមិនទាក់ទងនឹងសុវត្ថិភាពសាលារៀន និងដើម្បីធានាថាតម្រូវការបណ្តុះបណ្តាល គឺជាក់លាក់ចំពោះបរិយាកាស សាលារៀន និងមានការបណ្តុះបណ្តាល ផ្អែកលើសេណារីយ៉ូសំខាន់ៗ” ។
លោកអភិបាលបានអះអាងថា ច្បាប់នេះនឹងការពារទាំងសិស្ស និងគ្រូបង្រៀន។ សេចក្តីព្រាងច្បាប់នេះ មិនហាមឃាត់សាលារៀន ពីការតម្រូវឱ្យមានការហ្វឹកហ្វឺនបន្ថែមដើម្បីកាន់អាវុធ ឬពីការជ្រើសរើសមិនអោយ មានមនុស្សប្រដាប់អាវុធនៅបរិវេណសាលាទាំងស្រុងនោះទេ។ អាវុធទាំងនោះនឹងត្រូវទទួលការ ត្រួតពិនិត្យប្រវត្តិបទឧក្រិដ្ឋជារៀងរាល់ឆ្នាំ៕ ប្រែសម្រួលៈ ណៃ តុលា
