ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអង់គ្លេស ប្រឈមមុខនឹងការបោះឆ្នោត ដកសេចក្តីទុកចិត្ត ជុំវិញរឿងអាស្រូវជាច្រើន

បរទេស៖ លោក Sir Graham Brady ដែលជាប្រធានគណៈកម្មាធិការឆ្នាំ 1922 របស់គណបក្សអភិរក្ស អង់គ្លេស បានប្រកាសថា កម្រិតត្រូវបានឈានដល់ សម្រាប់ការបោះឆ្នោត ទំនុកចិត្ត លើការដឹកនាំរបស់លោក Boris Johnson ដែលត្រូវបានគ្រោងនឹងធ្វើឡើង នៅល្ងាចថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍មួយ បានគូសបញ្ជាក់ថា វានឹងមានរយៈពេលពីរម៉ោង សម្រាប់ការបោះឆ្នោត ដោយលទ្ធផលត្រូវបានប្រកាស នៅពេលណានោះ គឺមិនទាន់កំណត់នៅឡើយ។ លោក Brady បាននិយាយថា លទ្ធផលនឹងអាចរកបាន “ក្នុងពេលឆាប់ៗ” បន្ទាប់ពីការបោះឆ្នោតបិទបញ្ចប់។

លោក Johnson កំពុងប្រឈមមុខនឹងបញ្ហា ដោយសារតែរឿងអាស្រូវជាច្រើន ដែលបានកើតឡើងក្រោមការដឹកនាំ របស់គាត់ រួមទាំងអ្វីដែលត្រូវបានគេស្គាល់ថា ជា “partygate” ឬ រឿងអាស្រូវនយោបាយ និងករណីជាច្រើន នៅពេលដែលមន្ត្រីរដ្ឋាភិបាល បានធ្វើការជួបជុំគ្នា ដោយបំពានលើការរឹតបន្តឹង Covid-19 របស់ពួកគេ។ អ្នកប្រឆាំងនាយករដ្ឋមន្ត្រីជឿថា លោក Johnson បានបរាជ័យ ប្រទេសនិងបក្សរបស់គាត់ ហើយគួរតែត្រូវគេបណ្តេញចេញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top