បរទេស៖ សារព័ត៌មាន Toronto Star បានរាយការណ៍កាលពីសប្តាហ៍មុនថា លំហូរចូលដ៏ធំនៃសព្វាវុធ ចូលទៅក្នុងអ៊ុយក្រែន ពីប្រទេសលោកខាងលិច គឺមិនបានទៅដល់ទាហានជាច្រើន ដែលត្រូវការពួកគេនោះទេ។ កាសែតនេះបានអះអាងថា ឧបសគ្គពេលវេលា អសមត្ថភាព និងអំពើពុករលួយបានបណ្តាលឱ្យ មានអ្នកប្រយុទ្ធជួរមុខ ដែលបំពាក់ឧបករណ៍មិនល្អ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា របាយការណ៍ដែលផ្អែកលើ កិច្ចសម្ភាសន៍ ជាមួយអ្នកប្រយុទ្ធស្ម័គ្រចិត្តបរទេស និងក្រុមជនជាតិកាណាដា ដែលប្រមូលថវិកា ដើម្បីបំពាក់ឧបករណ៍ដល់ទាហាន ក្នុងប្រទេសអ៊ុយក្រែន គឺជាភស្តុតាងចុងក្រោយបង្អស់ នៃអ្វីដែលកាសែតនេះហៅថា “ការពិតដ៏ខ្មៅងងឹត និងបំបាក់ទឹកចិត្ត” នៅលើអ្នកប្រយុទ្ធជួរមុខរបស់ប្រទេស។
យុទ្ធជនបរទេស ដែលមានបទពិសោធន៍មួយចំនួន ដែលបម្រើការក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន បានបដិសេធមិនចូលសមរភូមិ ដោយសារតែខ្វះអាវុធ និងឧបករណ៍ត្រឹមត្រូវ ។ នេះបើយោងតាមទាហាន ជើងចាស់កាណាដាម្នាក់ នៃកងវរសេនាធំបរទេសបារាំង។ ជនជាតិកាណាដាអនាមិករូបនេះ បានត្អូញត្អែរ ហើយថា មន្ត្រីអ៊ុយក្រែន ចាត់ទុកអ្នកស្ម័គ្រចិត្ត បរទេសទាំងអស់ថា ជាអ្នកទេសចរសប្បាយចិត្ត ជាមួយនឹងកាំភ្លើង ៕
ប្រែសម្រួលៈ ណៃ តុលា
