ព័ត៌មានអន្តរជាតិ

ចិន ព្រមាន ចំពោះការផ្គត់ផ្គង់ អាវុធដល់អ៊ុយក្រែន ដូចទឹកបាក់ទំនប់ ឬការដាក់ទណ្ឌកម្ម លើរុស្ស៊ី

ប៉េកាំង ៖ បេសកជនចិន កាលពីថ្ងៃចន្ទបានព្រមានប្រឆាំង នឹងការផ្តល់អាវុធឥត ឈប់ឈរដល់អ៊ុយក្រែន ឬដាក់ទណ្ឌកម្មលើរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

សហគមន៍អន្តរជាតិ មិនគួរបញ្ឈប់ការលុបបំបាត់ អំពើហិង្សាផ្លូវភេទ និងការជួញដូរមនុស្សនោះទេ ។ លោក Dai Bing តំណាងអចិន្ត្រៃយ៍រង របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា មានតែតាមរយៈបទឈប់បាញ់ និង ការស្ដារឡើងវិញ នូវសន្តិភាពប៉ុណ្ណោះ ទើបអាចបញ្ចៀសបាននូវរបួស នៃជម្លោះសម្រាប់ស្ត្រី និងកុមារ ។

លោកបានប្រាប់កិច្ច ប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីអំពើហឹង្សាផ្លូវភេទ និងការជួញដូរមនុស្ស ក្នុងបរិបទនៃជម្លោះអ៊ុយក្រែនថា “សហគមន៍អន្តរជាតិ គួរតែធ្វើការរួមគ្នា ដើម្បីជំរុញកិច្ចចរចាសន្តិភាព និងលើកទឹកចិត្តរុស្ស៊ី និងអ៊ុយក្រែនឱ្យត្រលប់ មករកផ្លូវចរចាវិញ” ។

លោកបានព្រមានថា ការផ្តល់អាវុធ ឥតឈប់ឈរ ឬការដាក់ទណ្ឌកម្ម និងសម្ពាធនឹងមិនដោះស្រាយបញ្ហានោះទេ ប៉ុន្តែវានឹងបន្តកើតមាន និងពង្រីកជម្លោះកាន់តែធំឡើង ។

ប្រជាជននៅអ៊ុយក្រែន និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត មិនគួរបង់ថ្លៃ សម្រាប់ការប្រឈមមុខគ្នា ផ្នែកភូមិសាស្ត្រនយោបាយ និងប្លុកនោះទេ។ នៅពេលដែលមនុស្ស មានអនាគតរួមគ្នា ហើយនៅពេលដែលសន្តិសុខ សកលមិនអាចបំបែកបាន គ្មានប្រទេសណាអាច ឬគួរស្វែងរកសន្តិសុខ ទាំងស្រុងរបស់ខ្លួនដោយចំណាយលើសុវត្ថិភាពរបស់អ្នកដទៃឡើយ។

លោក Dai បានបន្ថែមថា ហើយសន្តិសុខអន្តរជាតិ និងតំបន់មិនអាច និងមិនគួរត្រូវបានធានាដោយការពង្រឹងប្លុកយោធា និងការកាត់ផ្តាច់ការផ្គត់ផ្គង់ និងសង្វាក់ឧស្សាហកម្មនោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top