ព័ត៌មានអន្តរជាតិ

IOM ៖ ជនអន្តោប្រវេសន៍ខុសច្បាប់ ជាង៦០០នាក់ ត្រូវបានជួយសង្គ្រោះ អាយុជីវិត ពីដែនទឹក នៃប្រទេសលីប៊ី

ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ថា (IOM) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ជនចំណាកស្រុកខុស ច្បាប់ ចំនួន៦៧៥នាក់ ត្រូវបានបញ្ជូនត្រឡប់ ទៅប្រទេសលីប៊ីវិញ បន្ទាប់ពីត្រូវបានជួយសង្គ្រោះ ចេញពីឆ្នេរសមុទ្រ កាលពីសប្តាហ៍មុន ។

អង្គការ IOM បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ចាប់ពីថ្ងៃទី២៩ ខែឧសភាដល់ថ្ងៃទី៤ ខែមិថុនា “ជនចំណាកស្រុកចំនួន៦៧៥នាក់ ត្រូវបាននាំមកចុះចតនៅលើច្រាំង សមុទ្រលីប៊ី” ។

អង្គការ IOM បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ នៅក្នុងឆ្នាំ២០២២ ជនចំណាកស្រុកខុសច្បាប់សរុបចំនួន៧.៧៤២នាក់ត្រូវបានជួយសង្គ្រោះ និងនាំខ្លួនត្រឡប់ ទៅប្រទេសលីប៊ីវិញ ក្នុងនោះរាប់បញ្ចូលទាំងស្ត្រី ចំនួន៥៥៧នាក់ និងអនីតិជន ចំនួន៣០០នាក់ ។
ជាមួយគ្នានេះ ជនចំណាក ស្រុកខុសច្បាប់១៤៣នាក់បានបាត់បង់ជីវិត និង៥៤៧នាក់ផ្សេងទៀត បានបាត់ខ្លួននៅលើផ្លូវទឹក នៃសមុទ្រមេឌីទែរ៉ាណេ នៅភាគកណ្តាល ។

គួររំលឹកថា នៅក្នុងឆ្នាំ២០២១ ជនចំណាកស្រុកខុសច្បាប់សរុបចំនួន៣២.៤២៥នាក់ត្រូវបានជួយសង្គ្រោះ ហើយនាំត្រឡប់ ទៅប្រទេសលីប៊ីវិញ ខណៈដែល៦៦២នាក់បានបាត់បង់ជីវិត និង៨៩១នាក់ផ្សេងទៀតបានបាត់ខ្លួនពីឆ្នេរសមុទ្រលីប៊ី នៅលើផ្លូវសមុទ្រមេឌីទែរ៉ាណេ ភាគកណ្តាល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top