ព័ត៌មានអន្តរជាតិ

Update ៖ លោកប្រធានាធិបតី អ៊ុយក្រែន ថ្លែងថា ចក្រភពអង់គ្លេស នឹងផ្តល់សព្វាវុធ ដល់ក្រុងគៀវ ដើម្បីប្រយុទ្ធប្រឆំាងនឹងរុស្ស៊ី

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេស បាននិងកំពុងផ្តល់សព្វាវុធដែលទីក្រុង គៀវត្រូវការ ដើម្បីប្រយុទ្ធប្រឆាំង នឹងសង្គ្រាមជាមួយរុស្ស៊ី ហើយបានថ្លែងអំណរគុណ ដល់នាយករដ្ឋមន្ត្រី Boris Johnson សម្រាប់ការយល់ដឹងយ៉ាងច្បាស់ អំពីតម្រូវការមួយនេះ ។

ចក្រភពអង់គ្លេសបានឲ្យ​ដឹង កាលពីថ្ងៃចន្ទថា ក្នុងការសម្របសម្រួល ជាមួយសហរដ្ឋអាមេរិក ខ្លួននឹងផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងប្រព័ន្ធរ៉ុក្កែតបាញ់ច្រើន ដែលអាចវាយប្រហារគោលដៅ បានចម្ងាយរហូតដល់៨០គីឡូម៉ែត្រ ដែលជាផ្នែកនៃជំនួយយោធាថ្មីរបស់ចក្រភពអង់គ្លេស សម្រាប់ទីក្រុង គៀវ ។

លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថា វីដេអូនាពេលយប់របស់គាត់ថា “ខ្ញុំដឹងគុណ ចំពោះនាយករដ្ឋមន្រ្តី Boris Johnson សម្រាប់ការយល់ដឹងយ៉ាងច្បាស់ នៃការទាមទារ និងការត្រៀមខ្លួនរបស់យើងក្នុង ការផ្តល់ឱ្យអ៊ុយក្រែន នូវអាវុធយ៉ាងពិតប្រាកដ ដែលអ៊ុយក្រែនត្រូវការ ដើម្បីការពារជីវិតប្រជាជនរបស់យើង” ។

​កាលពីថ្ងៃចន្ទ កងទ័ពអ៊ុយក្រែន និងរុស្ស៊ី បានប្រយុទ្ធគ្នាតាមដងផ្លូវ ដើម្បីគ្រប់គ្រងទីក្រុង ឧស្សាហកម្ម Sievierodonetsk ​ក្នុ​​​​​​​ងស​​​​​​​​​មរ​​​​​​​​​​​​​​​​​​ភូមិដ៏សំខាន់ នៃការវាយលុករបស់វិមានក្រឹមឡាំង នៅតំបន់ Donbas ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ។

សូមបញ្ជាក់ថា លោក Zelenskyy និងលោក Johnson បានជួបសន្ទនាគ្នា តាមទូរស័ព្ទដែលក្នុងនោះ លោក Zelenskyy បានថ្លែងនៅមុននេះថា អ្នកទាំង២កំពុង “ស្វែងរកមធ្យោបាយដើម្បីជៀស វាងវិបត្តិស្បៀងអាហារ និងការបិទច្រក (របស់អ៊ុយក្រែន)” ដោយសំដៅទៅលើការ បិទនាវារបស់រុស្ស៊ី នៅអ៊ុយក្រែន ដែលបានធ្វើឱ្យប្រទេសនេះ មិនអាចនាំចេញបានច្រើននូវកសិផលរបស់ខ្លួន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top