ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ពន្យល់ពីគោលជំហរ លើកងរក្សាសន្តិភាព CSTO លើទឹកដីរំដោះបាន នៅអ៊ុយក្រែន

បរទេស ៖ ប្រធានគណៈកម្មាធិការការពាររដ្ឋឌូម៉ា របស់រុស្ស៊ី លោក Andrey Kartapolov បាននិយាយកាលពីថ្ងៃចន្ទថា បេសកកម្មរក្សាសន្តិភាព នៃអង្គការសន្ធិសញ្ញា សន្តិសុខសមូហភាព (CSTO) អាចត្រូវបានដាក់ពង្រាយនៅតំបន់ “ដែលរំដោះបាន” នៃអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kartapolov បានប្រាប់អ្នកយកព័ត៌មានថា “វាមិនអាចច្រានចោលបានទេថា កងរក្សាសន្តិភាពមកពីបណ្តាប្រទេស CSTO នឹងត្រូវការនៅក្នុងទឹកដី ដែលរំដោះបាននៅក្នុង ប្រទេសអ៊ុយក្រែន ក៏ដូចជា សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk” ។

CSTO គឺជាអង្គការសន្តិសុខ ក្នុងតំបន់ដែលដឹកនាំដោយទីក្រុងម៉ូស្គូ ដែលប្រមូលផ្តុំប្រទេសក្រោយសូវៀត ចំនួន៦គឺ អាមេនី បេឡារុស្ស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និង ប្រទេស តាជីគីស្ថាន ។ កាលពីដើមឆ្នាំនេះ កងកម្លាំងរក្សាសន្តិភាព របស់ប្លុកនេះត្រូវ បានដាក់ពង្រាយរយៈពេលខ្លី នៅក្នុងប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីអាជ្ញាធរ របស់ប្រទេសបានស្នើសុំជំនួយពី CSTO ចំពេលមានរលក នៃភាពចលាចលដោយហិង្សា។

លោក Kartapolov បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូ «ទំនងជាមិន យល់ស្របថា ប្រទេសមួយចំនួន របស់អង្គការណាតូ នឹងព្យាយាមជ្រៀតជ្រែកចូល ទីនោះក្រោមការលាក់បាំង នៃការថែរក្សាសន្តិភាពនោះទេ»។ ទោះយ៉ាងណាក៏ដោយ វាលឿនពេកក្នុងការនិយាយ អំពីបេសកកម្មរក្សាសន្តិភាព ខណៈដែលអរិភាព រវាងទីក្រុងមូស្គូ និងទីក្រុងគីវ កំពុងបន្តនៅឡើយ ប៉ុន្តែ “ការប្រែប្រួលផ្សេងៗគ្នាអាចនឹងអាចធ្វើទៅបាន នៅដំណាក់កាលក្រោយជម្លោះ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top